(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមផ្ដល់ជំនួយជាង១០០លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីន បើទោះជាលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងរងការរិះគន់ពីសហភាពអឺរ៉ុប និងក្រុមអង្គការសិទ្ធិមនុស្សជុំវិញការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការក្រោមក្របខណ្ឌនៃសង្រ្គាមប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀន របស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម Sputnik នៅអំឡុងដំណើរទស្សនកិច្ច ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានយល់ព្រមផ្ដល់ជំនួយជាង១០០លានដុល្លារដល់ រដ្ឋាភិបាលរបស់លោកឌូតឺតេ ខណៈមានសេចក្ដីរាយការណ៍ខ្លះថាក្នុងជំនួយទាំងនេះក៏មានទាំងជំនួយគាំទ្រដល់សង្រ្គាមប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ។ បន្ថែមពីលើនេះ សេតវិមានក៏បានប្រកាសថានឹងផ្ដល់ជំនួយ១៤.៣លានដុល្លារ ដើម្បីជួសជុលការខូចខាត ឬផលប៉ះពាល់ដោយសារសង្រ្គាមក្នុងទីក្រុង Marawi ស្ថិតនៅភាគខាង ត្បូងប្រទេសផងដែរ។
គួរបញ្ជាក់ថា ក្នុងជំនួយដែលសហរដ្ឋអាមេរិក ផ្ដល់ឱ្យរដ្ឋាភិបាលហ្វីលីពីនមាន៨៥លានដុល្លារ សម្រាប់គាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងពួកគេភេរវករ ការបណ្ដុះបណ្ដាល និងជំនួយ ផ្នែកភស្ដុភាដល់យោធាហ្វីលីពីន ចំណែកឯ ២លានដុល្លារ គាំទ្រដល់សង្រ្គាមគ្រឿងញៀនរបស់លោកឌូតឺតេ៕