(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការចោទប្រកាន់របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលបានចោទសួរពីសំណួរលើភាព ស្របច្បាប់នៃជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយហៅអតីតគូរប្រជែងរបស់ខ្លួនមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី គ្លីនតុន ថាជា«មនុស្សបរាជ័យគ្រប់ពេលវេលា» លោក ដូណាល់ ត្រាំ បានលើកឡើងនៅលើ Twitter ដូច្នេះថា៖«គាត់ (លោកស្រីគ្លីនតុន) មិនអាចបញ្ឈប់ដោយងាយស្រួលឡើយ ចំពោះអ្វីដែលល្អសម្រាប់គណបក្សសាធារណរដ្ឋ...ហ៊ីលឡារី បន្តជីវិតរបស់អ្នកចុះ! ហើយព្យាយាម ម្ដងទៀតនៅបីឆ្នាំក្រោយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីគ្លីនតុនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថាការលូកដៃរបស់រុស្ស៊ីក្នុងកិច្ចការ បោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បានបង្កើតជាសំណួរជាច្រើនពាក់ព័ន្ធនឹងភាពស្របច្បាប់ នៃជ័យជម្នះរបស់លោកត្រាំ។ ជាងនេះទៅទៀត កាលពីថ្ងៃសុក្រ លោកស្រីគ្លីនតុន ក៏បានរិះគន់ផងដែរលើព្រឹទ្ធសមាជិកភាបក្សសាធារណរដ្ឋលោក Roy Moore និងលោកដូណាល់ ត្រាំ សម្រាប់ការមិនទទួលខុសត្រូវលើការចោទប្រកាន់ពីករណីរំលោភបំពាន ផ្លូវភេទប្រឆាំងនឹងអ្នកទាំងពីរ៕