(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានពិភាក្សាការងារតាមទូរស័ព្ទជាមួយបណ្ដាមេដឹកនាំជាច្រើនរូប ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការស្វែងរកមធ្យោបាយថែរក្សាស្ថេរភាពនៅតំបន់មជ្ឈិមបូព៌ា ជាទីដែលរុស្ស៊ី និងអ៊ីរ៉ង់កំពុងពង្រីកឥទ្ធិពលកាន់តែធំនៅក្នុងតំបន់តាមរយៈជ័យជម្នះរបស់ ពួកគេនៅស៊ីរី។ នេះបើតាមវិមានប្រធានាធិបតីបារាំងដកស្រង់ដោយសារព័ត៌មានបារាំង Le Figaro នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមវិមានប្រធានាធិបតីបារាំង អេលីហ្សេ (Elysée) បន្ទាប់ពីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri កាលពីថ្ងៃសៅរ៍ លោក អែមម៉ានុយអែល ម៉ាក្រុង បាន ពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ លោក មីឆែល អ៊ូន (Michel Aoun), ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអេហ្ស៊ីប លោក អាប់ឌែល ហ្វាតាស់ អាល់ស៊ីស៊ី (Abdel Fatah al Sissi) រួមទាំងជាមួយព្រះរាជទាយាតអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់មហាំម៉ាត់ ប៊ិនសាល់ម៉ាន (Mohamed ben Salmane) និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres)។ វិមានអេលីហ្សេ បានបញ្ជាក់ដែរថា នាឱកាសពិភាក្សាជាមួយថ្នាក់ដឹកនាំទំាងនេះ លោក ម៉ាក្រុង បានលើក ឡើងពីស្ថានភាពនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ផលប្រយោជន៍ និងមធ្យោបាយរក្សាស្ថេរភាពក៏ដូចជាការកសាងសន្ដិភាពក្នុងតំបន់ ប៉ុន្តែទន្ទឹមគ្នា អេលីហ្សេមិនបានបញ្ជាក់លម្អិតពីលទ្ធផល នៃកិច្ចពិភាក្សនេះទេ។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មីក្រោយនាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានប្រកាសលាលែងពីតំណែងដ៏ភ្ញាក់ផ្អើល នៅអំឡុងពេល លោកបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី០៤ ខែវិចិ្ឆកា។ ជុំវិញវិបត្តិនេះដែរ អ៊ីរ៉ង់និងក្រុមឧទ្ទាមហេសប៊ូឡាបានចង្អុលមុខទីក្រុងរីយ៉ាដថា បានចាប់លោក Hariri ជាចំណាប់ខ្មាំងហើយបង្ខំឱ្យលោកលាលែងពីតំណែង ជាហេតុធ្វើឱ្យអារ៉ាប៊ីសាអូឌីតចោទប្រកាន់ត្រឡប់ទៅវិញថាអ៊ីរ៉ង់និងហេសប៊ូលឡា កំពុងធ្វើសកម្មភាព បង្កសង្រ្គាមប្រឆាំងនឹងខ្លួន រីឯក្រុមអ្នកជំនាញក៏បានបង្ហាញក្ដីបារម្ភផងដែរដោយខ្លាចក្រែងវិបត្តិនៅលីបង់អាចនឹងជំរុញឱ្យទីក្រុងរីយ៉ាដ និងទីក្រុងតេហេរ៉ង់ ប្រឈមមុខដាក់គ្នាដោយ អាវុធ៕