(ប៉ារីស)៖ នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានអះអាងថា លោកនឹងត្រឡប់ទីកាន់ប្រទេសលីបង់វិញ ដើម្បីចូលរួមពិធីបុណ្យេឯករាជ្យជាតិ នៅថ្ងៃទី២២ ខែវិច្ឆិកា សប្ដាហ៍ ក្រោយនេះ ក៏ដូចជាបញ្ជាក់ពីការសុំលាលែងពីតំណែងរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក Hariri ធ្វើឡើងក្រោយមានជំនួបជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាស នោះដែរថា លោក Hariri បានលើកឡើងដូច្នេះថា៖«ប្រឈមមុខនឹងស្ថានភាពនយោបាយបច្ចុប្បន្ននៅលីបង់ ខ្ញុំនឹងត្រឡប់ទៅកាន់ទីក្រុង Beirut វិញនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បី ចូលរួមពិធីបុណ្យឯករាជ្យជាតិរបស់យើង ហើយនៅទីនោះខ្ញុំនឹងបញ្ជាក់ពីគោលជំហររបស់ខ្ញុំពាក់ព័ន្ធនឹងស្ថានភាពនយោបាយសព្វថ្ងៃ បន្ទាប់ពីខ្ញុំបានជួបជាមួយប្រធានាធិបតី លោក Michel Aoun»។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា លោក Saad Hariri បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីលីបង់ នៅពេលលោកកំពុងបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ មិនតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃក្រោយមក មានពាក្យចចាមអារ៉ាមជាច្រើនថាលោកត្រូវបានទីក្រុង រីយ៉ាដចាប់ជាចំណាប់ខ្មាំង ប៉ុន្តែលោកHariri ផ្ទាល់បានបដិសេធ រីឯប្រធានាធិបតីលីបង់ លោក Michel Aoun មិនទាន់ទទួលស្គាល់ការលែងរបស់លោកនៅឡើយដែរ៕