(បង់ក្លាដែស)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យ៉ី បានអំពាវនាវឱ្យមីយ៉ាន់ម៉ា និងបង់ក្លាដែសដោះស្រាយវិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា តាមរយៈកិច្ចចរចាទ្វេភាគីជាជាងតាម រយៈកិច្ចចរចាជាលក្ខណៈអន្តជាតិ ហើយព្រមពេលេជាមួយគ្នាលោក វ៉ាង ក៏បានក្រើនរំលឹកដល់សហគមន៍អន្តរជាតិផងដែរថាមិនគួរធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែស្មុគស្មាញ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក វ៉ាង យ៉ី ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯស្ថានទូតចិនប្រចាំទីក្រុងដាកកា នាឱកាសបំពេញដំណើរទស្សនកិច្ចពីរថ្ងៃមកកាន់ប្រទេសបង់ក្លាដែសកាលពីថ្ងៃ សៅរ៍។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«សហគមន៍អន្តរជាតិមិនគួរធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែស្មុគស្មាញនោះឡើយ...ហើយសកម្មភាពនានារបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរតែលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី...ម្យ៉ាងទៀតចិនគាំទ្រ ជានិច្ចរាល់ដំណោះស្រាយសន្តិវិធីសម្រាប់វិបត្តិរ៉ូហ៊ីងយ៉ា»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric ទូកនេសាទចំនួន ៣០គ្រឿង បានដឹកមនុស្សជាង ១,០០០នាក់ សុទ្ធសឹងតែជាជនជាតិរ៉ូហ៊ីងយ៉ា ឆ្លងកាត់ទន្លេតាមព្រំដែនពីមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់បង់ក្លាដែស ប៉ុន្តែជាអកុសល្យទូកទាំងនោះបានលិច ដោយសារការដឹកលើសកំណត់ បានបង្កឲ្យមនុស្សជាង១០០នាក់ ស្លាប់ (ទាំងក្មេង ទាំងចាស់) ហើយប្រមាណ ៩០០នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល។ បន្ថែមពីលើនេះ លោក ក៏បានបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនទៀតគ្មានទូក សម្រាប់ជិះឆ្លងទន្លេឡើយ ដូច្នេះពួកគេសុខចិត្តប្រើក្បូនធ្វើពីឬស្សី ឬដប និងពីដុងទឹកធំៗរួមផ្សំគ្នា ដើម្បីអាចជិះឆ្លងកាត់ទៅរកកន្លែងសុវត្ថិភាព។ គិតមកទល់នឹងពេលនេះជនភៀស ខ្លួនរ៉ូហ៊ីងយ៉ាសរុប ៦២០,០០០នាក់ហើយ កំពុងជ្រកកោណបណ្តោះអាសន្ននៅបង់ក្លាដែស ដែលបានអះអាងថាខ្លួនគ្មានសមត្ថភាពទទួលយកជនភៀសខ្លួនបន្ថែមទៀតទេ៕