(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ គ្រោះធម្មជាតិ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ មនុស្សម្នាជាងមួយម៉ឺននាក់ រួមគ្នាដង្ហែរធ្វើបាតុកម្ម នៅក្នុងទីក្រុងអាតែន នៃប្រទេសក្រិច ក្នុងឱកាសគម្រប់ខួប៤៤ឆ្នាំនៃ​បដិវត្តន៍​ ​ប្រឆាំងនឹងរបបសឹកដែលមានរយៈពេលដឹកនាំ០៧ឆ្នាំ ហើយព្រឹត្តិការណ៍នេះហើយ ដែលបានជួយស្តារលទ្ធិប្រជាធិបតេយ្យឡើង​វិញនៅក្នុងប្រទេសអឺរ៉ុបនេះ។

២៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ប្រកាសពីការសម្រេចដកកងទ័ពរបស់ខ្លួន ចេញពីធ្វើសមយុទ្ធយោធា​របស់​អង្គការ NATO នៅប្រទេសន័រវែស បន្ទាប់ពីរូបថតនិងឈ្មោះ របស់បិតាស្ថានិកតួកគីលោក Mustafa Kemal Ataturk ព្រមទាំងរបស់​លោក Erdogan ផ្ទាល់ បានលេចឡើងក្នុងតារាងសត្រូវ នាអំឡុងពេលនៃការធ្វើសមយុទ្ធ។

៣៖ ប្រជាជនហ្ស៊ីមបាវេ នាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឲ្យប្រធានាធិបតី លោក Robert Mugabe ស្ថិតក្នុងវ័យ៩៣ឆ្នាំ ដែលជាមេដឹកនាំ​កាន់អំណាចបានយូរជាងគេបង្អស់នៅអាហ្រ្វិក ចុះចេញពីតំណែង ស្របពេលដែលកម្លាំងយោធាបាននិងកំពុងគ្រប់គ្រងស្ថានភាព​ក្នុងរដ្ឋធានា Harare កាលពីប៉ុន្មានថ្ងៃមុន។

៤៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៩រ៉ិចទ័រ វាយប្រហាតំបន់ទីបេ ភាគនិរតីប្រទេស ក្បែរព្រំដែនជាមួយប្រទេសឥណ្ឌា ប៉ុន្តែហេតុការណ៍​នេះ ទំនងជាពុំបានបង្កឲ្យមានមនុស្សបាត់បង់ជីវិតឡើយ។ ដោយឡែក មនុស្ស០៣នាក់ ត្រូវគេរាយការណ៍ថារងរបួស ហើយមាន​ការដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ខណៈលំនៅខ្លះបានរងការខូចខាត និងផ្លូវជាតិមួយខ្សែ ត្រូវបានរាំងស្ទះ ដោយសារ​ថ្មភ្នំបាក់ស្រុតចំ។

៥៖ ប្រជាជនអ៊ីរ៉ង់ កំពុងតែទទួលជំនួយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏កក្រើក បានវាយប្រហារប្រទេសអ៊ីរ៉ង់ កាល​ពី​ចុង​សប្តាហ៍​មុន​។ តួលេខចុងក្រោយបំផុត បានបង្ហាញថាមនុស្សចំនួន៤៧៤នាក់បានស្លាប់ ,៩,៣៨៨នាក់ បានរងរបួស, ប្រមាណ១០០,០០០នាក់​បាត់​បង់លំនៅឋាន និងអគារប្រហែល៣០,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

៦៖ ទឹកជំនន់នៅជាយទីក្រុងអាតែន ប្រទេសក្រិច ផ្តាច់ជីវិតមនុស្សយ៉ាងតិច១៩នាក់។

៧៖ ម៉ិចស៊ីកូ ចាប់ផ្តើមពិធីបុណ្យបាឡុងអន្តរជាតិឆ្នាំ២០១៧ នៅឯទីក្រុង Leon នៃរដ្ឋ Guanajuato ដែលនឹងបន្តប្រព្រឹត្តទៅរហូត​ដល់​ថ្ងៃទី២០ ខែវិច្ឆិកា ជាមួយវត្តមានបាឡុងប្រមាណ២០០គ្រឿង ដែលមានរូបរាងក៏ដូចជាពណ៌ប្លែកៗនិង​ចម្រុះបែប ខណៈ​មនុស្ស​ជាង​​កន្លះ​នាក់ ត្រូវ​គេរំពឹងថានឹងចូលរួមទស្សនាក្នុងព្រឹត្តិការណ៍រយៈពេល០៤ថ្ងៃនេះ៕