(ប៊ែរូត)៖ ទីប្រឹក្សាជាន់ខ្ពស់ នៃមេដឹកនាំកំពូលផុតលេខរបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងតបតវិញខ្លាំងៗថា ប្រទេសបារាំងមិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង នៃកម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channek News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកឡើងធ្ងន់ៗរបស់អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងកាលពីថ្ងៃសុក្រ ម្សិលមិញនេះថា «ទីក្រុងតេហេរ៉ង់ គួរតែបន្ថយភាពគគ្លើនរបស់ខ្លួននៅក្នុងតបន់ និងគួរតែធ្វើការបកស្រាយឲ្យបានច្បាស់បន្តិច ជុំវិញកម្មវិធីមីស៊ីលរបស់ខ្លួន»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យមេដឹកនាំអ៊ីរ៉ង់ លោក Ali Akbar Velayati បានឆ្លើយតបថា «វាគ្មានប្រយោជន៍អ្វីសោះឡើយសម្រាប់ លោក Macron និងប្រទេសបារាំងក្នុងការលូកដៃចូលបញ្ហាមីស៊ីល និងកិច្ចការយុទ្ធសាស្ត្រ របស់សាធាណរដ្ឋអ៊ីស្លាមមួយនេះ ព្រោះយើងមានការប្រកាន់ខ្លាំងណាស់ ចំពោះបញ្ហានេះ»៕