(ម៉ានីល)៖ បណ្តាមេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍ជាច្រើន ក្រោមគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍មួយ ដែលរួមបញ្ចូលគ្នា ហើយមានទាំងស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ដែលរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ ដែលមានរយៈពេល ០២ថ្ងៃនេះ កាលពីថ្ងៃអង្គារថា មេដឹកនាំអាស៊ានទាំងអស់ បានកត់សម្គាល់ពីសារៈសំខាន់ នៃការបន្តស្ថិតនៅលើវិថី ឆ្ពោះទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ច ទាំងក្នុងកម្រិតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងការរួមបញ្ចូលជាមួយគ្នា នូវបណ្តាដៃគូពាណិជ្ជកម្មឯទៀតៗរបស់ខ្លួន ដែលមកពីខាងក្រៅតំបន់។
នាឱកាសនោះ លោក ឌូតឺតេ បានបន្តថា រាល់កិច្ចពិភាក្សាទាំងអស់ បានផ្តោតទៅលើការសម្រេចឲ្យបាននូវ សហគមន៍អាស៊ានរឹងមាំ មានភាពរួមបញ្ចូលគ្នា សន្តិភាព និងស្ថិរភាព ដែលប្រកាន់យកតួនាទីនាំមុខយ៉ាងសកម្ម ទាំងក្នុងនិងក្រៅតំបន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិនយោបាយ-សន្តិសុខ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-វប្បធម៌។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បានបន្ថែមថា លោកបានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយបណ្តាមេដឹកនាំអាស៊ានដទៃៗទៀត អំពីកិច្ចការដែលកំពុងបន្តក្នុងការកសាងសហគមន៍ ព្រមទាំងការអនុវត្តផែនការការងារ សំដៅឆ្ពោះទៅរកការសម្រេចចក្ខុវិស័យឆ្នាំ២០២៥ របស់អាស៊ាន។
កាលពីដើមសប្តាហ៍នេះ មេដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំប្រកបដោយភាពជោគជ័យ ជាមួយនឹងបណ្តាមេដឹកនាំនៃប្រទេសជាដៃគូអាស៊ាន រួមមានអាស៊ានបូកបី ចិន-ជប៉ុន-កូរ៉េខាងត្បូង និងសមាសភាពក្នុងកិច្ចប្រជុំអាស៊ីខាងកើត (EAS) ដែលពាក់ព័ន្ធជាមួយចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់។
បើតាម លោក ឌូតឺតេ នៅអំឡុងកិច្ចប្រជុំទាំងនេះ មេដឹកនាំអស់បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ជុំវិញបញ្ហាក្នុងតំបន់ និងអន្តរជាតិ រួមមានដូចជាអំពើភេរកម្ម និងការកើនឡើងនៃអំពើហិង្សាជ្រុលនិយម ហើយបានសង្កត់ធ្ងន់ពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហានានា ដែលប៉ះពាល់ដល់សន្តិសុខ សន្តិភាព និងវិបុលភាព នៅក្នុងតំបន់៕