(អាមេរិក)៖ ប្រសិនបើមានជីវិតអេលៀនឆ្លាតវ័យណាមួយ នៅក្នុងប្រព័ន្ធផ្កាយ GJ 273 មែននោះ ពួកគេអាចរំពឹងបានថា នឹងទទួលដំណឹងពីយើង នៅក្នុងពេលជាង ១០ឆ្នាំ ខាងមុខទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីខែតុលាកន្លងទៅ ក្រុមអ្នកវិទ្យាសាស្រ្តបានបាញ់បញ្ជូនសារមួយ ឆ្ពោះទៅកាន់ប្រព័ន្ធ GJ 273 ដែលជាផ្កាយប្រភេទ Red Dwarf (តូចជាព្រះអាទិត្យ និងមានពន្លឺក្រហម) ត្រូវគេស្គាល់ថា ជាផ្កាយឈ្មោះ Luyten ស្ថិតនៅចម្ងាយប្រមាណ ១២.៣៦ឆ្នាំពន្លឺ ពីភពផែនដី។ នេះបើតាមការលាតត្រដាង ឲ្យដឹងនាពេលថ្មីៗនេះ។ ក្នុងប្រព័ន្ធតារា Luyten រួមមានភពចំនួន ០២ ដែលគេបានដឹងដោយភពមួយ ក្នុងចំណោមនោះ គឺភព GJ 273b ប្រហែលជាមានលទ្ធភាពអាចទ្រទ្រង់ជីវិតបាន បើតាមតែគេបានសន្និដ្ឋាន។
ទោះបីជាសារខាងលើ ត្រូវបានបង្កើតឡើង ដើម្បីជំរុញឲ្យមានការឆ្លើយតបពីជីវិតឆ្លាតវ័យ ដែលអាចមានវត្តមាននៅភព GJ 273b យ៉ាងណាក្តី គោលដៅចម្បងក្នុងការបញ្ជូនសារទាក់ទងនេះ គឺពាក់ព័ន្ធការកសាងមូលដ្ឋានគ្រឹះមួយ សម្រាប់អនាគតកាល។ លោក Douglas Vekoch ប្រធានអង្គការមិនរកប្រាក់កំរៃ METI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានបញ្ជាក់ថា «វាគ្រាន់តែជាការសាកល្បងមួយដំបូងប៉ុណ្ណោះ នូវអ្វីដែលយើងគិតថា នឹងត្រូវការធ្វើឡើងរាប់រយរាប់ពាន់ ឬក៏រាប់លានដងថែមទៀត។ សម្រាប់ខ្ញុំជោគជ័យដ៏ធំបំផុតនៃគម្រោងនេះ នឹងចេញជារូបរាង ប្រសិនបើក្នុងពេលប្រមាណ ២៥ឆ្នាំខាងមុខ ដោយរាប់ចាប់ពីពេលនេះ មាននរណាម្នាក់ នៅចងចាំអំពីរឿងនេះ ហើយស្វែងរកការឆ្លើយតបនៃសារអវកាសនេះ»។
ដោយឡែក ការបញ្ជូនសារទៅកាន់ជីវិតក្រៅភពបែបនេះ គឺជាបញ្ហាដ៏ចម្រូងចម្រាសមួយ។ អ្នករិះគន់មួយចំនួន ជាពិសេសអ្នកវិទ្យាសាស្រ្តដ៏ល្បីរបស់ចក្រភពអង់គ្លេស លោក Stephen Hawking ធ្លាប់បានលើកឡើងថា យុទ្ធសាស្រ្តបែបប្រថុយប្រថាននេះ អាចនឹងបង្កសេចក្តីវិនាសដល់ជីវិតរស់នៅរបស់មនុស្សលោក ព្រមទាំងភពរបស់យើង បើសិនជាប៉ះពួកអេលៀនអាក្រក់ៗ ដែលមានភាពបច្ចេកវិទ្យារីកចម្រើនខ្លាំងក្លា ឬក៏ស្រេកឃ្លានធនធាននោះ។
យ៉ាងណាមិញ លោក Vakoch បានយល់ឃើញថា ការបាញ់បញ្ជូនសារទៅកាន់ប្រព័ន្ធផ្កាយ Luyten មិនបង្កើនហានិភ័យ នៃការវាយប្រហារពីសំណាក់អេលៀននោះឡើយ។ «វាពិតជាពិបាកនឹងស្រមៃខ្លាំងណាស់ អំពីព្រឹត្តិការណ៍មួយ ដែលជីវិតឆ្លាតវ័យនៅជុំវិញផ្កាយ Luyten អាចមានសមត្ថភាពធ្វើដំណើរមកផែនដី ហើយបង្កការគំរាមកំហែងមកលើយើង។ ម៉្យាងវិញទៀត ពួកគេមិនទាំងអាចប្រទះឃើញការលេចចេញ នៃរលកវិទ្យុសកម្ម តាំងពីរយូរយារណាស់មកហើយ របស់យើងផង»។ ប្រយោគចុងក្រោយនេះលោក Vakoch ចង់សំដៅទៅលើរលកសញ្ញាទូរទស្សន៍ និងវិទ្យុ ដែលបាននិងកំពុងរបូតចេញពីផែនដី ទៅកាន់លំហអាកាសសម្រាប់កំឡុងពេល ជាងពាក់កណ្តាលសតវត្សរ៍មកហើយ។
សារខាងលើរួមមាន ការបង្ហាត់បង្ហាញផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យា ព្រមទាំងតូរតន្រ្តីខ្លីៗចំនួន ៣៣ ហើយវាត្រូវបានបញ្ជូនក្នុងទម្រង់ជាលេខកូក Binary (១និង០) នៅកម្រិតប្រេកង់ពីរខុសគ្នា កាលពីថ្ងៃទី១៦-១៧-១៨ ខែតុលា តាមរយៈការប្រើប្រាស់អង់តែនវិទ្យុដ៏ធំមហិមា EISCAT នៅប្រទេសន័រវែស។
គួរបញ្ជាក់ថា ប្រព័ន្ធ Luyten ត្រូវបានជ្រើសរើសជាពិសេស ដោយសារតែរយៈចម្ងាយរបស់វា ជាមួយនឹងភពផែនដី ដែលតាមទឹ្រស្តីអាចឈានទៅរកការឆ្លើយតបដ៏ឆាប់រហ័សពីទីនោះ។ ផ្កាយក្រហមនេះ គឺជាតារាដ៏កៀកជាងគេ ដែលអាចត្រូវមើលឃើញពីតំបន់ Northern Hemisphere (អឌ្ឍគោលខាងជើង) នៃភពផែនដី ហើយត្រូវបានគេដឹងថា មានផ្ទុកភពដែលទំនងជាអាចទ្រទ្រង់ជីវិតឆ្លាតវ័យបាន៕