(យូអិន)៖ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជាង ១០០នាក់ ត្រូវបានគេអះអាងថា បានស្លាប់ដោយសារលង់ទឹក នៅពេលពួកគេព្យាយាមរត់គេចខ្លួនពី រដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា ដែលពោពេញដោយអំពើហិង្សា ដើម្បីទៅសុំជ្រកកោណបណ្តោះអាសន្ននៅតាមព្រំដែន នៃប្រទេសបង់ក្លាដែស ក្នុងរយៈពេលពីរខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ ដកស្រង់របាយការណ៍ពី ទីភ្នាក់ងារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ (UNHCR) នារសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកពាក្យ UN លោក Stephane Dujarric បានបញ្ជាក់ថា របាយការណ៍របស់ UNHCR គឺទូកនេសាទចំនួន ៣០គ្រឿង បានដឹកមនុស្សជាង ១,០០០នាក់ សុទ្ធសឹងតែជាជនជាតិរ៉ូហ៊ីងយ៉ា ឆ្លងកាត់ទន្លេតាមព្រំដែនពីមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់បង់ក្លាដែស ប៉ុន្តែជាអកុសល្យទូកទាំងនោះបានលិច ដោយសារការដឹកលើសកំណត់ បានបង្កឲ្យមនុស្សជាង ១០០នាក់ស្លាប់ (ទាំងក្មេង ទាំងចាស់) ហើយប្រមាណ ៩០០នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល។
បន្ថែមពីព័ត៌មានខាងលើនេះ មន្ត្រី UN ក៏បានបញ្ជាក់ផងដែរថា ជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនទៀត គ្មានទូកសម្រាប់ជិះឆ្លងទន្លេឡើយ ដូច្នេះពួកគេសុខចិត្តប្រើក្បូនធ្វើពីឬស្សី ឬដប និងពីដុងទឹកធំៗរួមផ្សំគ្នា ដើម្បីអាចជិះឆ្លងកាត់ទៅរកកន្លែងសុវត្ថិភាព។ គិតមកទល់នឹងពេលនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសរុប ៦២០,០០០នាក់ហើយ កំពុងជ្រកកោណបណ្តោះអាសន្ននៅបង់ក្លាដែស ហើយសម្រាប់អាជ្ញាធរមីយ៉ាន់ម៉ាវិញ ហាក់មិនទាន់ធ្វើតាមការរិះគន់ពីអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាដ៏អាក្រក់ប្រចាំតំបន់នេះឡើយ៕