(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតនាថ្ងៃសៅរ៍នេះ បានកោះហៅឯកអគ្គរាជទូតប្រចាំនៅទីក្រុងប៊ែរឡាំង ឲ្យត្រឡប់មកកាន់ប្រទេសវិញ ដើម្បីធ្វើការពិគ្រោះពិភាក្សា បន្ទាប់ពីក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយលើកឡើងពី ការប៉ុនប៉ងបង្កអស្ថិរភាពនៅក្នុងប្រទេសលីបង់។ នេះបើតាមការផ្សាយនៃសារព័ត៌មានអារ៉ាប៊ីសាអូឌីត ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត The SPA ដែលទទួលបានប្រភពព័ត៌មាន ពីបុគ្គលនៅក្រសួកការបរទេស អារ៉ាប៊ីសាអូឌីត បានធ្វើសេចក្តីរាយការណ៍ថា លិខិតតវ៉ាមួយច្បាប់ នឹងត្រូវបញ្ជូនទៅកាន់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។ ក្រោយពីបានជួបពិភាក្សាជាមួយសមភាគីលីបង់ លោក Gebran Bassil នៅរដ្ឋធានីប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រមុខការទូតអាល្លឺម៉ង់ លោក Sigmar Gabrie បានព្រមានចំពោះ ការព្យាយាមបង្កអស្ថិរភាពនៅលីបង់ តែប៉ុន្តែមិនបានសំដៅលើអារ៉ាប៊ីសាអូឌីតចំៗឡើយ។
គួរជម្រាបថា លីបង់បាននិងកំពុងតែរងគ្រោះ ដោយវិបត្តិនយោបាយនាពេលថ្មីៗនេះ ដោយកាលពីថ្ងៃទី០៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលីបង់ លោក Saad Hariri ប្រកាសលាលែងពីមុខតំណែង ស្របពេលកំពុងបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដោយបានបង្ហាញក្តីព្រួយបារម្ភថា រូបលោកអាចនឹងត្រូវគេលួចធ្វើឃាត ដូចទៅនឹងឪពុកនៅឯលីបង់។
លោក Hariri បានចោទចលនា Hezbollah នៅលីបង់ និងប្រទេសអ៊ីរ៉ង់ ថាបានបង្កអស្ថិរភាពនៅក្នុងប្រទេសលីបង់ ព្រមទាំងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះ ប្រធានាធិបតីលីបង់ លោក Michel Aoun បានអះអាងថាលោក Hariri ត្រូវបានគេឃុំឃាំងដោយអារ៉ាប៊ីសាអូឌីត។
យ៉ាងណាមិញ នាព្រឹកថ្ងៃសៅរ៍នេះ លោក Saad Hariri បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា លោកកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់អាកាសយានដ្ឋានទីក្រុងរីយ៉ាដ បន្ទាប់ពីត្រូវបានគេអញ្ជើញទៅកាន់ប្រទេសបារាំង កាលពីម្សិលមិញ។ លោក Hariri បានស្ថិតនៅក្នុងរដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីតនេះ អស់រយៈពេល ០២សប្តាហ៍ មកហើយ ក្រោយពីការប្រកាសចុះចេញពីមុខតួនាទី ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ខណៈលោកប្រធានាធិបតីលីបង់ បានចោទអារ៉ាប៊ីសាអូឌីតថា កំពុងឃាត់ឃាំងលោក Hariri ប្រឆាំងនឹងឆន្ទៈរបស់លោក។
«ការលើកឡើងដែលថា ខ្ញុំត្រូវបានឃុំឃាំងនៅអារ៉ាប៊ីសាអូឌីត ហើយមិនត្រូវបានអនុញ្ញាត ឲ្យចាកចេញពីព្រះរាជាណាចក្រនេះនោះ គឺជារឿងកុហកបោកប្រាសសុទ្ធសាធ។ ខ្ញុំកំពុងតែស្ថិតនៅតាមផ្លូវ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន»។ នេះជាអ្វីដែល លោក Hariri បានបង្ហោះនៅលើប្រព័ន្ធ Twitter៕
https://storage.googleapis.com/afs-prod/media/media:c1a819a8ee294c92956f83f60837d7c9/800.jpeg