(សេអ៊ូល)៖ អ្នកជំនាញតាមដានស្ថានការណ៍កូរ៉េខាងជើង ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងបានអះអាងថា ព័ត៌មានមួយចំនួនដែលគេទទួលបានពីទីក្រុងព្យុងយ៉ាងនោះ គឺកម្មវិធីផលិតមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) បាន និងកំពុងជួបប្រទះភាពជាប់គាំងដ៏ធំមួយ ដែលធ្វើឲ្យមានការផ្អាកសកម្មភាពមួយរយៈធំកន្លងមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik ដកស្រង់ពី យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកជំនាញនៃស្ថាប័នស៊ើបការណ៍សម្ងាត់ នៃប្រទេសកូរ៉េខាងត្បូង (NIS) បានបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានធ្វើតេស្តម៉ាស៊ីនបាញ់មីស៊ីលថ្មីៗប៉ុន្មានលើកផងដែរ ប៉ុន្តែវានៅតែមិនទាន់ដល់កម្រិតមួយ ដែលអាចចាត់ទុកថា ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍគ្រាប់មីស៊ីលប្រភេទ ICBM នោះឡើយ»។ តាមអ្នកជំនាញ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ កូរ៉េខាងជើងកំពុងតែជួបប្រទះបញ្ហា ក្នុងការរុញច្រានគ្រាប់មីស៊ីល ឲ្យផុតពីគន្លងគោចរលើភពផែនដី ដែលជាទិសដៅពិតប្រាកដ នៃសមត្ថភាពរបស់ ICBM។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង មិនបានធ្វើការបាញ់មីស៊ីលនោះឡើយ គិតចាប់តាំងពីអំឡុងខែកញ្ញាមក ប៉ុន្តែបើយើងងាកទៅមើលកាលពីខែកក្កដា ឆ្នាំ២០១៧នោះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល ប្រភេទ Hwasong-14 ICBM ចំនួនពីរលើក។ ការធ្វើតេស្តទាំងពីរលើកនោះ គឺទទួលបានជោគជ័យ ទើបក្រោយមកទៀតរដ្ឋកុម្មុយនិស្តមួយនេះបានអួតអាងថា Hwasong-14 នឹងមានសមត្ថភាពវាយប្រហារដល់សហរដ្ឋអាមេរិក៕