(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឃ្លីបវីដេអូរួម និងរូបភាពដ៏ចម្លែកៗ បានលេចឡើងនៅលើបណ្តាញអ៊ីនធីណែត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ ដោយបង្ហាញឲ្យឃើញពី ដុំពពកដែលមានរាងខុសប្លែកពីធម្មតា គឺទៅដូចទៅនឹងយានស្រមើស្រមៃរបស់មនុស្សក្រៅភព ដែលមនុស្សភាគច្រើនស្គាល់ថា ជា «ថាសហោះ ឬ UFO»៕
២៖ ប្រេសិតពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះគ្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅចំពេលដែលចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ មានភាពអន់ថយ ដោយសារតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង៕
៣៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានបង្ហាញក្ដីសង្ឃឹមរបស់លោកថា ការជជែកដេញដោល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយម នឹង មានការជឿនលឿនទៅមុខ ខណៈលោកផ្ទាល់បានសន្យាថា នឹងដោះស្រាយបញ្ហាប្រជាសាស្ត្រ ក៏ដូចជាបង្កើតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេសជិតខាង បើទោះជាមានការជំទាស់ពីបក្សប្រឆាំងក៏ដោយ៕
៤៖ ក្នុងអំឡុងពេលមួយសប្តាហ៍ នៃការធ្វើប្រតិបត្តិការយោធានៅប្រទេសស៊ីរី កងយន្តហោះចម្បាំងរុស្ស៊ី ត្រូវគេរាយការណ៍ថា បានកម្ទេចសម្ភារៈជាង ១,២៥០គ្រឿង ដែលជារបស់ក្រុមសកម្មប្រយុទ្ធ ISIS៕
៥៖ ជាថ្មីម្តងទៀតប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើមមានទំនាក់ទំនងប្រសើរឡើងវិញនោះបានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈកិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ៕
៦៖ ទីភ្នាក់ងារបច្ចេកវិទ្យាការពារជាតិរបស់ថៃ គ្រោងនឹងបង្កើតរោងចក្រមួយរួមគ្នាជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខាយោធា ហើយដែលនេះគឺជាសញ្ញានៃការពង្រឹង ទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង គិតចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤មក៕