(បាកដាដ)៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលកំពុងវាយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ ISIS នៅថ្ងៃសុក្រនេះ បានវាយសំរុកចូលក្នុងទីក្រុង Rawa ហើយដែលជាទីក្រុងស្ថិតក្បែរ តំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងស៊ីរី ក្រោមក្របខណ្ឌនៃប្រតិបត្តិការបោសសំអាតពួក ISIS ចេញពីទីក្រុងមួយនេះ ដែលជាមូលដ្ឋានដ៏រឹងមំាចុងក្រោយ នៃពួកសកម្មប្រយុទ្ធ ISIS នៅក្នុង ប្រទេសអ៊ីរ៉ាក់។ នេះបើតាមប្រភពពីមន្ត្រីយោធាអ៊ីរ៉ាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ដ៏ខ្លីមួយ មេបញ្ជាការយោធាអ៊ីរ៉ាក់ លោក Abdul Amir Yarallah បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ព និងយោធាប៉ារ៉ាអ៊ីរ៉ាក់ បាននិងកំពុងវាយសម្រុកចូល ក្នុងទីក្រុង Rawa ប៉ុន្មានម៉ោងបន្ទាប់ពីពួកគេបានរំដោះ តំបន់ក្បែរខាងចំនួន ០៤ នៅភាគខាងលិចនៃទីក្រុងមួយនេះ»។ គួររំលឹកថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានបង្ហូតទង់ជាតិអ៊ីរ៉ាក់នៅតំបន់ Husaibah ជាប់ព្រំដែនជាមួយស៊ីរី ពីរថ្ងៃក្រោយកងកម្លាំងអ៊ីរ៉ាក់ វាយដណ្ដើមបានតំបន់នេះ និងទីក្រុង al-Qaim ពីពួក ISIS។
បន្ថែមពីលើនេះបើតាមទីក្រុងបាកដាដ កងកម្លាំងអ៊ីរ៉ាក់ នឹងបន្តបោសសំអាតពួក ISIS នៅតាមតំបន់ជនបទ ស្ថិតនៅភាគខាងជើងនៃទន្លេ Euphrates និងតំបន់វាលខ្សាច់នៅចន្លោះ ខេត្ត Anbar និង Salahudin។ ដោយឡែក កាលពីថ្ងៃទី២៦ ខែតុលា កងកម្លាំងអ៊ីរ៉ាក់ បានចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយ ដើម្បីរំដោះទីក្រុង Rawa ជាទីតាំងឈរជើងដ៏រឹង មំាចុងក្រោយនៃពួក ISIS ដែលធ្លាប់បានកាន់កាប់ទឹកដីអ៊ីរ៉ាក់មួយផ្នែកធំ កាលពីឆ្នាំ២០១៤ ហើយបីឆ្នាំក្រោយមក ទើបទីក្រុងបាកដាដអាចវាយយកទឹកដីជាច្រើនមកវិញ ក្នុងនោះ រួមមានទាំងទីក្រុងម៉ូស៊ុលផងដែរ៕