(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានបង្ហាញក្ដីសង្ឃឹមរបស់លោកថា ការជជែកដេញដោល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយម នឹង មានការជឿនលឿនទៅមុខ ខណៈលោកផ្ទាល់បានសន្យាថា នឹងដោះស្រាយបញ្ហាប្រជាសាស្ត្រ ក៏ដូចជាបង្កើតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្ដាប្រទេសជិតខាង បើទោះជាមានការជំទាស់ពីបក្សប្រឆាំងក៏ដោយ។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថា ស្ដីពីគោលនយោបាយជាលើកដំបូង ទៅកាន់សភាជប៉ុនទំាងពីរ ចាប់តាំងបានជាប់ឆ្នោតជាថ្មីជានាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ដែលជាប្រធានគណបក្សសេរី ប្រជាធិបតេយ្យ (LDP) បានអំពាវនាវឱ្យមានការជជែកដេញដោល ប្រកបដោយលក្ខណៈស្ថាបនា ជុំវិញគោលនយោបាយ និងបញ្ហាខ្វែងគំនិតគ្នា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សន្តិនិយមជាលើកដំបូងបំផុត គិតចាប់តាំងពីសង្រ្គាមលោកលើកទី ២ មក។
លោក អាបេ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការជជែកដេញដោលលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សន្តិនិយម នឹងការជឿនលឿនទៅមុខ ហើយលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង នឹងទទួលបានគំនិត និងចម្លើយរួម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងឡាយ»។ យ៉ាងណាក៏ដោយ ដោយសារគណបក្ស LDP និងគណបក្សជាដៃគូ Komeito ក្ដោបសំឡេងពីរភាគបីនៅសភាជាន់ទាប នាំឲ្យគេយល់ថា ការជជែកដេញដោលនេះ នឹងមានជឿនលឿនទៅមុខ ហើយអាចនឹងលើកទៅជជែកនៅសភាជាន់ខ្ពស់ក៏ថាបាន។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញសន្តិនិយម ត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក ក្រោយសង្រ្គាមលោកលើកទី ២ បានតម្រូវឱ្យជប៉ុនមានត្រឹមតែកងកម្លាំងស្វ័យការពារតែប៉ុណ្ណោះ។ ប៉ុន្តែ ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ដែលកំពុងដើរកាន់តែទៅមុខលើវិថីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប វាបានធ្វើឱ្យលោក ស៊ីនហ្សូ អាបេ ជំរុញបន្តឱ្យមានការជជែកដេញដោល លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដើម្បីបើកផ្លូវឱ្យកងកម្លាំងជប៉ុន មានលទ្ធភាពពង្រឹងវិស័យយោធា មិនមែនត្រឹមទុកតែការពារខ្លួនឯង ពោលគឺអាចជួយ សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងករណីមានការឈ្លានពានណាមួយ៕