(ញូដេលី)៖ រដ្ឋភាគខាងជើងប្រទេសឥណ្ឌា Telanagana បានជ្រើសរើសយកវីធីសាស្រ្តដ៏ប្លែកខុសពីគេឯង ដើម្បីធ្វើការលុបបំបាត់សកម្មភាពបន្ទោរបង់ពាសវាលពាសកាល នៅតាមទីសាធារណៈ តាមរយៈការប្រើប្រាស់ឧបករណ៍ដ្រូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងលក្ខណៈជាគម្រោងសាកល្បង សមត្ថកិច្ចឥណ្ឌាបានដាក់ពង្រាយយន្តហោះដ្រូន ឲ្យប្រចាំការនៅតាមច្រាំងទំនប់ក្នុងតំបន់មួយកន្លែង នៅស្រុក Karimnagar របស់ខេត្ត Telanagana ដើម្បីទប់ស្កាត់កុំឲ្យមនុស្សម្នា ធ្វើការបន្ទោរបង់នៅក្បែរទំនប់ទឹកនេះ។ មន្រ្តីប៉ូលិសឥណ្ឌាបានឲ្យដឹងថា ទំនប់ទឹក Lower Manair Dam គឺជាប្រភពទឹកស្អាតសម្រាប់បរិភោគដ៏សំខាន់ របស់ប្រជាជនរស់នៅក្នុងទីក្រុង Karimnagar ហើយប្រសិនបើទទួលជោគជ័យ ផែនការនេះក៏នឹងត្រូវយកទៅអនុវត្តន៍ នៅតាមទីតាំងផ្សេងៗទៀតផងដែរ។
គួរជម្រាបថា ទោះបីជារដ្ឋាភិបាលឥណ្ឌា បាននិងកំពុងផ្តល់ថវិកាលើកទឹកចិត្ត ដើម្បីសាងសង់បង្គន់សាធារណៈឲ្យបានច្រើន និងលើកកម្ពស់យុទ្ធការបង្កើនការយល់ដឹងអំពីអនាម័យ និងភាពស្អាតយ៉ាងណាក្តី ការបត់ដៃបត់ជើង នៅតាមទីវាលសាធារណៈ តែងតែកើតមានឡើងជារឿយៗ នៅតាមតំបន់មួយចំនួន នៅទីជនបទឥណ្ឌា និងសូម្បីតែតំបន់ប្រជុំជនខ្លះៗទៀតផង៕