(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីព្រមាន អំពីការធ្វើដំណើរនៅទ្វីបអឺរ៉ុប ដល់ប្រជាពលរដ្ឋរបស់ខ្លួន និងទទូចឲ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យកាន់តែខ្ពស់ នៃសកម្មភាពវាយប្រហារដោយភេរវកម្ម នៅទូទាំងតំបន់នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយផ្អែកទៅលើសេចក្តីរាយការណ៍នាពេលថ្មីៗនេះ អំពីហេតុការណ៍អកុសលជាបន្តបន្ទាប់ ដែលបានកើតឡើងក្នុងបណ្តាប្រទេសអឺរ៉ុប រួមមាន បារាំង ចក្រភពអង់គ្លេស និងស៊ុយអែតជាដើមនោះ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ខ្លួននៅតែបន្តមានក្តីកង្វល់អំពីករណីភេរវកម្ម ដែលនឹងអាចកើតមានឡើងនាពេលអនាគត។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ ឧប្បត្តិហេតុអាក្រក់ៗទាំងនោះ បានស្តែងឲ្យឃើញថា ពួកសកម្មប្រយុទ្ធ ISIS និងអាល់កៃដា ព្រមទាំងក្រុមពាក់ព័ន្ធដទៃៗទៀត នៅតែមានលទ្ធភាពរៀបចំ និងអនុវត្តគម្រោងការភេរវកម្មខ្មៅងងឹង នៅអឺរ៉ុបបានដដែល។
គួរបញ្ជាក់ថា ជាមួយគ្នានេះអាមេរិកបានប្តេជ្ញាថា នឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាភេរវកម្ម។ ម៉្យាងវិញទៀត សេចក្តីព្រមានពីការធ្វើដំណើរនេះត្រូវគេរំពឹងថា នឹងផុតកំណត់នៅដំណាច់ខែមករា ឆ្នាំ២០១៧៕