(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ កោតសរសើរមិនដាច់ពីមាត់ ចំពោះចំណាត់ការក្តៅរបស់ប្រទេសស៊ូដង់ខាងត្បូង ដែលបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងពាណិជ្ជកម្មគ្រប់ទម្រង់ ជាមួយនឹងប្រទេសកូរ៉េខាងជើង ជាការអនុឡោមទៅតាមទណ្ឌកម្ម នៃអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការថ្លែងដូចខាងលើនេះ ត្រូវបានធ្វើឡើងក្រោយ លោក John Sullivan អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបសំណេះសំណាលជាមួយនឹងមន្ត្រីរដ្ឋាភិបាលស៊ូដង់ខាងត្បូង។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ក្រោយទទួលបានសេចក្តីប្រកាសជាផ្លូវការ ពីរដ្ឋាភិបាលស៊ូដង់ខាងត្បូង ចំពោះជំហររបស់ប្រទេសអាហ្វ្រិកភាគកណ្តាលមួយនេះ ទៅលើកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក ស្វាគមន៍ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង ហើយយើងនឹងបន្តសហការគ្នាទៅមុខទៀត នៅក្នុងបញ្ហានេះ ដើម្បីធានាថា កិច្ចការនានានឹងត្រូវបានគោរពយ៉ាងពេញលេញ»។ មន្ត្រីតំណាងរដ្ឋាភិបាលអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តការផ្តោតការយកចិត្តទុកដាក់ខ្លាំងជានិច្ចលើបញ្ហាកូរ៉េខាងជើង ដើម្បីធានាឲ្យបាននូវសន្តិសុខ និងសន្តិភាពសកល៕