(ប៉េកាំង)៖ ប្រេសិតពិសេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃសុក្រនេះគ្រោងនឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅចំពេលដែលចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ មានភាពអន់ថយ ដោយសារតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមប្រភពការទូតចិន លោក Song Tao ប្រធាននាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ត្រូវគេរំពឹងថា នឹងចាកចេញទៅកាន់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នាល្ងាចថ្ងៃសុក្រនេះ។ យ៉ាងណាមិញ ព័ត៌មានលម្អិតទាក់ទិននឹងដំណើរទស្សនកិច្ចរបស់លោក ពុំទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែប្រភពដដែលបានលើកឡើងថា លោកអាចនឹងបំពេញទស្សនកិច្ចរយៈពេល ០៤ថ្ងៃ នៅទីនោះ ហើយនាឱកាសនោះ លោក Song ក៏អាចជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ។
គួរបញ្ជាក់ថា វាគឺជាទំលាប់ទៅហើយ ក្នុងការដែលចិន និងកូរ៉េខាងជើង តែងតែបញ្ជូនប្រតិភូឲ្យធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីរាយការណ៍ពីលទ្ធផលនៃព្រឹត្តិការណ៍បក្សសំខាន់ៗ។ ក៏ប៉ុន្តែការចេញដំណើររបស់លោក Song នាលើកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទ្វីបអាស៊ី ដែលរួមមានទាំងចិនផងដែរនោះ ហើយលោក ត្រាំ បានអំពាវនាវជាច្រើនលើកច្រើនសា ឲ្យចិនខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់របបដឹកនាំដ៏រឹងទទឹងមួយនេះ៕