(ហ្ស៊ីមបាវេ)៖ អតីតអនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលត្រូវបានបណ្ដេញចេញពីដំណែង កាលពីសប្ដាហ៍មុន គឺលោក Emmerson Mnangagwa គ្រោងបង្កើតរដ្ឋាភិបាលអន្តរកាលមួយ (បណ្តោះអាសន្ន) ដែលអាចនឹងគ្រប់គ្រងប្រជាជាតិអាហ្រិ្វកមួយនេះ រហូតដល់មានការបោះឆ្នោតសកល ជ្រើសរើសប្រធានាធិបតីថ្មី នារយៈពេល ០៥ឆ្នាំទៀត។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Financial Gazette ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
Financial Gazette ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ហ្ស៊ីមបាវេ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គំរោងបង្កើតរដ្ឋាភិបាលអន្តរកាលនេះ ទទួលបានការគំាទ្រពី យោធាហ្ស៊ីមបាវេ និងមនុស្សស្និទ្ធនឹង លោក Emmerson Mnangagwa។ សារព័ត៌មាននេះដដែល បានលើកឡើងដូច្នេះថា «លោក Mnangagwa បានត្រឡប់មកកាន់រដ្ឋធានី Harare វិញក្នុងរយៈពេលខ្លី បន្ទាប់ពីយោធាហ្ស៊ីមបាវេ រឹបអូសអំណាច និងចាប់ប្រធានាធិបតី លោក Robert Mugabe ឃុំនៅក្នុងផ្ទះនៅដើមសប្ដាហ៍នេះ។ ប៉ុន្តែយោធាបដិសេធថា ខ្លួនកំពុងកម្ចាត់ពួកឧក្រិដ្ឋជននៅក្បែរមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ»។
គួរបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវេបានផ្ទុះឡើងខ្លាំង បន្ទាប់ពីកម្លាំងយោធាហ្ស៊ីមបាវេ បានព្រមានថា នឹងលូកដៃចូលកិច្ចការនយោបាយ ដើម្បីបញ្ចប់ភាពតានតឹង ដែលបង្កឡើងដោយសារតែការបណ្តេញអនុប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Mnagawa ចេញពីតំណែង ហើយដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe និងមានចេតនាចង់តែងតាំង ប្រពន្ធរបស់លោកផ្ទាល់ ធ្វើជាអនុប្រធានាធិបតីជំនួសវិញ៕