(ប៉េកាំង)៖ ឃ្លីបវីដេអូរួម និងរូបភាពដ៏ចម្លែកៗ បានលេចឡើងនៅលើបណ្តាញអ៊ីនធីណែត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ ដោយបង្ហាញឲ្យឃើញពី ដុំពពកដែលមានរាងខុសប្លែកពីធម្មតា គឺទៅដូចទៅនឹងយានស្រមើស្រមៃរបស់មនុស្សក្រៅភព ដែលមនុស្សភាគច្រើនស្គាល់ថា ជា «ថាសហោះ ឬ UFO» អ៊ីចឹង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
បាតុភូតខាងលើបានកើតឡើង នៅលើផ្ទៃមេឃនៃទីក្រុងទេសចរណ៍ Lijiang នៃខេត្ត Yunnan ភាគនិរតីប្រទេសចិននាពេលថ្មីៗនេះឯង ពោលគឺកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបរាងមូលនៃដុំពពករដ៏គួរឲ្យទាក់ទាញ ចំណាប់អារម្មណ៍ទាំងនោះ អាចនឹងធ្វើឲ្យអ្នកទស្សនាភ័ន្តច្រឡំថា ជាថាសហោះយ៉ាងងាយ ពីព្រោះថាបើសំឡឹងមើលចំពីក្រោម គឺប្រៀបដូចជា UFO កំពុងសំកាំងនៅលើផ្ទៃអាកាស។
គួរបញ្ជាក់ថា ជុំវិញហេតុការណ៍នេះមានការលើកឡើងថា លក្ខណៈភូមិសាស្រ្តនៃដីភ្នំ បូករួមជាមួយ និងស៊ីតុណ្ហភាពត្រជាក់ នៅតំបន់ភាគនិរតីចិនទៀតនោះអាចបង្កើតចេញជាលក្ខខណ្ឌអាកាសធាតុ ដ៏ប្លែកខុសពីធម្មតា និងដ៏កម្របែបនេះបាន។
សូមជំរាបម្តងទៀតថា រូបភាពខាងលើនេះសុទ្ធសឹងតែជារូបភាពពិត ដោយមិនមែនជាការកែច្នៃអ្វីនោះឡើយ ដោយវាត្រូវបានថតចាប់តាំងពីការប្រមូលផ្តុំរូបរាងពពកដំបូង រហូតដល់វារំសាយទៅវិញតែម្តង៕