(ប៉េកាំង)៖ ជាថ្មីម្តងទៀត​ប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើម​មានទំនាក់ទំនង​ប្រសើរ​ឡើងវិញនោះ​​បានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈ​កិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយពី​សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹក​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការប្តេជ្ញាខាងលើនេះ គឺត្រូវបានធ្វើឡើង​នៅក្នុងជំនួបរវាង លោក លី ខេជាំង នាយករដ្ឋមន្ត្រី​ចិន ដែលតំណាងឲ្យ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាមួយនឹង​​ប្រធានាធិបតី លោក រ៉ូទ្រីហ្គោ ឌូតឺតេ នៅក្នុងទីក្រុង Pasay ប្រទេសហ្វីលីពីន ដែលជាផ្នែកមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាននាពេលកន្លងទៅនេះ។ ភាគីទាំងពីរបានស្វែងយល់​អំពីរឿងរ៉ាវជាច្រើន ជាពិសេស​ការរក្សាជំហរ​ស្របគ្នា ក្នុងទិសដៅរក្សា​សន្តិសុខ និងសន្តិភាព​ក្នុងតំបន់។

កិច្ចព្រមព្រៀង​រវាងថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់​យ៉ាងដូច្នេះថា «មេដឹកនាំទាំងពីររូប​បាន​ចាប់ដៃគ្នា និងធ្វើការចេញសេចក្តីថ្លែងការណ៍រួម តំណាងឲ្យប្រជាជាតិ​ទាំងពីរ ដោយព្រមព្រៀង​ធ្វើការដោះស្រាយជម្លោះ​អធិបតេយ្យនានា តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំង​យោធា​នោះឡើយ។ ភាគីទាំងពីរ​ជឿជាក់ថា ជម្លោះនាវាចរណ៍​មិនមែនជា​ឧបសគ្គធំ​បំផុត នៃទំនាក់ទំនង​រវាងចិន និងហ្វីលីពីននោះ​ឡើយ ដូច្នេះភាគីទាំងពីរ​បានបញ្ជាក់ឡើងវិញ​ ​អំពីការ​លើកស្ទួយឲ្យមានសន្តិសុខ និងសន្តិភាពក្នុងតំបន់, សេរីភាពនៃការធ្វើនាវាចរណ៍ ព្រមទាំង​ការហោះហើរនៅលើដែនសមុទ្រចិនខាងត្បូង និងសកម្មភាពសេដ្ឋកិច្ច ដែលឈរលើ​គោលការណ៍​រក្សាសន្តិភាព»៕