(បាងកក)៖ ទីភ្នាក់ងារបច្ចេកវិទ្យាការពារជាតិរបស់ថៃ គ្រោងនឹងបង្កើតរោងចក្រមួយរួមគ្នាជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខាយោធា ហើយដែលនេះគឺជាសញ្ញានៃការពង្រឹង ទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង គិតចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមអ្នកនំាពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantravanich វិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ នៃរដ្ឋាភិបាលថៃ (DTI) នឹងសាងសង់រោងចក្រពាណិជ្ជកម្ម ខាងវិស័យការពារជាតិជាលើកដំបូងរបស់ថៃ ក្រោមការចូលរួមជាមួយភាគីចិន នៅឯភាគឦសាននៃខេត្ត Khon Kaen នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ រោងចក្រនេះនឹងត្រូវទទួលខុសត្រូវ លើការតម្លើង ផលិត និងថែទាំប្រព័ន្ធអាវុធរបស់ចិន សម្រាប់យោធាថៃ។
លោក Tantravanich បញ្ជាក់ដូច្នេះថា «រាល់ផលិតផលរបស់យើង នឹងត្រូវប្រើប្រាស់ជាផ្លូវការនៅ ក្នុងស្រុក ហើយវាក៏អាចនឹងក្លាយជារោងចក្រតម្លើង និងថែទាំបរិក្ខាយោធា សម្រាប់បណ្ដាប្រទេសទាំងអស់ ជាសមាជិកអាស៊ានផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រសួងការពារជាតិចិន មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលត្រូវបានសាកសួរដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងថៃ ចាប់ផ្ដើមល្អនឹងគ្នាក្រោយមានរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលថៃរបស់លោកស្រី យីងឡាក់ កាលពីឆ្នាំ២០១៤ ហើយទំនាក់ទំនងនេះ កាន់តែល្អប្រសើរឡើងបន្ទាប់ពីសហរដ្ឋអាមេរិក រិះគន់លើយោធា ដែលបានងារមករកចិន តាមរយៈការចុះកិច្ចព្រមព្រៀងទិញអាវុធពីទីក្រុងប៉េកាំង៕