(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានប្រតិកម្មតបតទៅនឹងការចោទប្រកាន់មកលើរូបលោកស្រីដែលថាលោកស្រី បានបាត់មាត់បាត់កក៏ដូចជាមិនរវីរវល់អ្វីបន្តិច សោះចំពោះវិបត្តិពូជសាសន៍ នៃជនជាតិដើមរូហ៊ីងយ៉ា នៅរដ្ឋភាគខាងជើងប្រទេស ដែលបានអូសបន្លាយអស់ជាច្រើនខែមកហើយ៕
២៖ នៅពេលដែលអ្នកវិទ្យាសាស្រ្តបានយល់ដឹងកាន់តែច្រើនអំពីភពភ្លុយតូ (Pluto) ភពមិនពេញលក្ខណៈដ៏តូចច្រឡឹងមួយនេះ ក៏កាន់តែគួរឲ្យចាប់អារម្មណ៍ឡើងៗដូចគ្នាផងដែរ ដោយនាពេលនេះ ការសិក្សាថ្មីមួយបានបង្ហាញថា ភាគល្អិតអ៊ីដ្រូកាបូននៅក្នុងបរិយាកាសរបស់ភ្លុយតូ តាមពិតគឺជាមូលហេតុនៅពីក្រោយសីតុណ្ហភាពដ៏ត្រជាក់ និងគួរឲ្យភ្ញាក់ផ្អើលរបស់វា៕
៣៖ ប្រធានាធិបតីហ្គីណេ លោក Alpha Conde បាននិយាយថាការដណ្ដើមអំណាចរបស់យោធាហ្ស៊ីមបាវេ និងការឃុំខ្លួនលោកប្រធានាធិបតី Robert Mugabe មើលទៅហាក់ដូច ជាការធ្វើរដ្ឋប្រហារយោធា។ ប៉ុន្តែក្រុមយោធាបានបដិសេធដោយអះអាងថា លោក Mugabe កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ខណៈពួកគេកំពុងបោសសំអាតពួកឧក្រិដ្ឋជន នៅជុំវិញរូបលោកតែប៉ុណ្ណោះ៕
៤៖ សហរដ្ឋអាមេរិកកំពុងតែរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាតិ (UNSC) ស្តីពីការចេញសិទ្ធិអនុញ្ញាតឲ្យមានសកម្មភាពយោធាប្រឆាំងនឹងក្រុមភេរវករ ISIS បន្ថែមពីលើបំពានដែនអធិបតេយ្យភាពរបស់ប្រទេសស៊ីរី៕
៥៖ សិង្ហបុរីនាពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយកូរ៉េខាងជើង អនុឡោមតាមដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង៕
៦៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថាការស្លាប់របស់មន្ត្រីទូតអូស្ត្រាលីម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក ជាសោកនាដកម្មមួយ ហើយលោកថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះ៕