(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តី​អូស្ត្រាលី លោក Malcolm Turnbull បានចាត់ទុកថា ការស្លាប់របស់មន្ត្រី​ទូតអូស្ត្រាលី​ម្នាក់ គឺលោក Julian Simpson ក្នុងទីក្រុងញូយ៉ក​ ជាសោកនាដកម្ម​មួយ ហើយលោក​ថ្លែងបានបែបនេះ នៅក្នុងសុន្ទរកថា​តាមកញ្ចក់ទូរទស្សន៍​អូស្រ្តាលី។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Malcolm Turnbull បានលើក​ឡើងយ៉ាងដូច្នេះថា «វាគឺជា​សោកនាដកម្ម​មួយ ហើយយើង​សូមចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ ចំពោះគ្រួសារ​របស់គាត់។ ប៉ុន្តែ​នៅពេលនេះ​ ខ្ញុំមិនទាន់អាចបញ្ជាក់អ្វី​បន្ថែម​នោះទេ ក្រៅតែពី​ទទួលស្គាល់ថា​ នេះគឺជាសោកនាដកម្ម​ដ៏រន្ធត់ និងជាការបាត់​បង់មន្ត្រីវ័យ​ក្មេងម្នាក់»

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក លោក Julian Simpson មានអាយុ ៣០ឆ្នាំ ជាលេខាធិការទី២ នៃបេសកកម្មអូស្ត្រាលីប្រចាំអង្គការ​សហប្រជាជាតិ បានស្លាប់​កាលពី យប់ថ្ងៃពុធ​ម្សិលមិញ នៅពេលលោកធ្លាក់​ពីលើរាលហាល​ជាន់ទី ៧ នៃអគារស្នាក់​នៅរបស់លោក ក្នុងសង្កាត់ Manhattan។

ដោយឡែក ក្រុមអ្នក​ស៊ើបអង្កេត​ក៏បានបញ្ជាក់ដែរថា លោក Simpson បានផឹកស្រាស្រវឹង​ជាមួយប្រពន្ធគាត់​ និងមិត្តភក្តិ ពេលលោក​អង្គុយលើរាលហាល​ ស្រាប់តែបាត់លំនឹង ហើយក៏ធ្លាក់ពីលើរាន​ហាលស្លាប់​តែម្ដង។ ចំណែកឯ​ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះរាយការណ៍ថា លោកបាន​លេងល្បែង «Game Of trust» មុនពេលលោក​ធ្លាក់ពីលើអគារ ប៉ុន្តែខាងប៉ូលិសមិន​ទាន់ទទួលស្គាល់​នៅ​ឡើយទេ៕