(ឌូបៃ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់ថ្នាក់អន្តរជាតិ Airbus SE បានឈានដល់កិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាកិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដឹកអ្នកដំណើរប្រភេទ A320neo និង A321neo សរុបចំនួន ៤៣០គ្រឿង ក្នុងតម្លៃជិត ៥០ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនវិនិយោគទុនរបស់អាមេរិក Indigo Partners។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងទិញយន្តហោះ ក្នុងទ្រង់ទ្រាយដ៏ធំសម្បើមនេជាមួយក្រុមហ៊ុន Indigo Partners ធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះរបស់ប្រទេសបារាំងមួយនេះ មានប្រៀបខ្លាំងនៅឯព្រឹត្តិការណ៍ពិរពណ៌អាកាសចរណ៍ Duabi Air Show ក្នុងទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីដែល Airbus នាពេលកន្លងមក បានតាមពីក្រោយ ក្រុមហ៊ុនផលិតយន្តហោះរបស់សហរដ្ឋអាមេរិក Boeing ដែលជាដៃគូប្រជែងដ៏ចម្បងរបស់ខ្លួន បើគិតទៅលើការបញ្ជាទិញយន្តហោះ។
សម្រាប់ក្រុមហ៊ុន Indigo Partners ដែលដឹកនាំដោយ លោក Bill Franke វិញ កិច្ចព្រមព្រៀងជាមួយ Airbus នេះ នឹងផ្តល់កំណែលម្អមួ ដល់ក្រុមហ៊ុនផលិតយន្តហោះ នៃបណ្តាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុមវិនិយោគអាមេរិកនេះ ដោយយន្តហោះទាំង ៤៣០គ្រឿង នឹងត្រូវយកទៅបម្រើដល់ក្រុមហ៊ុន Frontier Airlines នៅអាមេរិក, ក្រុមហ៊ុន Volaris នៅម៉ិចស៊ីកូ, ក្រុមហ៊ុន Wizz Air Holdings Plc នៅអឺរ៉ុប, និងក្រុមហ៊ុន JetSmart នៅឈីលី។
គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើរួមមានការលក់យន្តហោះដឹកអ្នកដំណើរប្រភេទ A320neo ចំនួន ២៧៣គ្រឿង និងប្រភេទ A321neo ចំនួន ១៥៧គ្រឿង បើយោងតាមបញ្ចីនៃយន្តហោះមានផ្លូវដើរតែមួយ ដ៏ល្អបំផុតរបស់ Airbus នេះ ការចំណាយនឹងមានតម្លៃប្រមាណ ៤៩.៥ពាន់លានដុល្លារ ដោយមិនទាន់គិតពីការបញ្ចុះតម្លៃផ្សេងៗឡើយ៕