(វៀងច័ន្ទ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបសំណេះសំណាលជាមួយគ្រួសារសាច់ញាតិ នៃអតីតរដ្ឋមន្ត្រីការបរទេសឡាវ លោក Quinim Pholsena នៅអំឡុងបំពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងវៀងច័ន្ទ។ នាឱកាសនោះ លោក ស៊ី ក៏បានជំរុញផងដែរឱ្យអ្នកជំនាន់ក្រោយ នៃគ្រួសារឡាវមួយនេះចូលរួមចំណែកកសាងទំនាក់ទំនងរវាងចិន និងឡាវឱ្យកាន់តែរីកចំរើនទៅមុខ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា ទីក្រុងប៉េកាំង អាចនឹងប្រើទំនាក់ទំនងជាមួយឡាវ ដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងជំនួបជាមួយអ្នកជំនាន់ក្រោយរបស់ លោក Quinim Pholsena ដែលធ្លាប់រៀនសាលាជាមួយរូបលោក ក្នុងទីក្រុងប៉េកាំង លោក ស៊ី ជិនពីង បានលើកឡើងថា ប្រវត្តិនៃមិត្តភាពរវាងចិត្ត និងគ្រួសារ លោក Quinim Pholsena ត្រូវបានគេដឹងយ៉ាងទូលំទូលាយ។ គ្រួសារលោក Pholsena គឺជាមិត្តដ៏ល្អ និងយូរអង្វែងរបស់ចិន ដែលបង្ហាញពីទំនាក់ទំនង ជាលក្ខណៈប្រពៃណីរវាងចិន និងឡាវ។ ឡាវគឺជាមិត្តមួយដ៏រឹងមាំសម្រាប់ចិន ហើយមិត្តភាពនេះនឹងកាន់តែរឹងមាំនៅពេលអនាគត នៅក្នុងបរិបទដែលលោក និងមេដឹកនាំឡាវបាន ឈានដល់ការព្រមព្រៀងថ្មីមួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោកស៊ី ជិនពីង បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសឡាវ បន្ទាប់បីលោកបានចូលរួមកិច្ចប្រជុំ APEC ក្នុងប្រទេសវៀតណាមជាទីដែល បានឈានដល់ការឯកភាពគ្នាមួយចំនួន ទាក់ទិនសមុទ្រចិនខាងត្បូង ជាមួយទីក្រុងហាណូយ។ ប្រទេសចិន និងឡាវ ជាប្រទេសភូមិផងរបងជាមួយគ្នា ដែលកន្លងមកចិនតែងតែជួយគាំទ្រជាច្រើនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់ឡាវ ជាពិសេសគឺការផ្តល់ជំនួយ និងការវិនិយោគដោយផ្ទាល់ ហើយដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលចិន មកកាន់ប្រជាជាតិអាស៊ានមួយនេះ ក៏ក្លាយជាចំណាប់អារម្មណ៍ថ្មីមួយទៀត សម្រាប់តំបន់ទាំងមូលផងដែរ៕