(អាមេរិក)៖ នៅពេលដែលអ្នកវិទ្យាសាស្រ្ត បានយល់ដឹងកាន់តែច្រើនអំពីភពភ្លុយតូ (Pluto) ភពមិនពេញលក្ខណៈដ៏តូចច្រឡឹងមួយនេះ ក៏កាន់តែគួរឲ្យចាប់អារម្មណ៍ឡើងៗដូចគ្នាផងដែរ ដោយនាពេលនេះ ការសិក្សាថ្មីមួយបានបង្ហាញថា ភាគល្អិតអ៊ីដ្រូកាបូននៅក្នុងបរិយាកាសរបស់ភ្លុយតូ តាមពិតគឺជាមូលហេតុនៅពីក្រោយសីតុណ្ហភាពដ៏ត្រជាក់ និងគួរឲ្យភ្ញាក់ផ្អើលរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមក្រុមការងារនៃការសិក្សាខាងលើ ហេតុដូច្នេះហើយ ភ្លុយតូ គឺជាភពយើងដឹងតែមួយគត់ ដែលមានសីតុណ្ហភាពរុញច្រានភាគច្រើនដោយភាគល្អិតនៃអ័ព្ទ ជាជាងម៉ូលេគុលរបស់ឧស្ម័ន។ បើតាមការហោះឆ្វែលដ៏អស្ចារ្យកាលពីខែកក្កដា ឆ្នាំ២០១៥ របស់យានអវកាសអង្គការណាសា New Horizons នៅជុំវិញភពមិនពេញលក្ខណៈនេះ ភ្លុយតូមានកម្រិតស៊ីតុណ្ហភាពជាងដក ២០០អង្សាសេ។
គួរជម្រាបថា ភ្លុយតូ គឺជាភពមិនពេញលក្ខណៈដ៏ល្បីឈ្មោះបំផុតប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយវាធ្លាប់បានឆ្លងកាត់ការចាត់ថ្នាក់ភពឡើងវិញ ដែលបានដកតំណែងជាភពទី០៩ និងជាភពឆ្ងាយជាងគេពីព្រះអាទិត្យចេញពីវាវិញ។
ងាកមកកាន់យាន New Horizons របស់អង្គការ NASA វិញ វាត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៦ និងទៅដល់ភពភ្លុយតូ ដែលមានចម្ងាយជាង ៩ពាន់លានគីឡូម៉ែត្រ ពីភពផែនដី នៅឆ្នាំ២០១៥ (ប្រើពេលហោះហើរ ០៩ឆ្នាំ)។ បច្ចុប្បន្នយាននេះ កំពុងសំដៅទៅកាន់តំបន់ក្បែរខ្សែក្រវាត់ Kuiper ដែលស្ថិតនៅចុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ ដើម្បីបំបែកអាថ៌កំបាំង និងស្វែងរកភពមិនគ្រប់លក្ខណៈផ្សេងៗទៀតផងដែរ៕