(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្គីណេ លោក Alpha Conde បាននិយាយថា ការដណ្ដើមអំណាចរបស់យោធាហ្ស៊ីមបាវេ និងការឃុំខ្លួនលោកប្រធានាធិបតី Robert Mugabe មើលទៅហាក់ដូចជាការធ្វើរដ្ឋប្រហារយោធា។ ប៉ុន្តែក្រុមយោធាបានបដិសេធដោយអះអាងថា លោក Mugabe កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ខណៈពួកគេកំពុងបោសសំអាតពួកឧក្រិដ្ឋជន នៅជុំវិញរូបលោកតែប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននរណាមួយអះអាងថា តើមេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ កំពុងស្ថិតនៅទីណាឲ្យប្រាកដឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Conde ធ្វើឡើងឆ្លើយតបទៅស្ថានការណ៍បច្ចុប្បន្ន នៅហ្ស៊ីមបាវេ។ លោក Conde បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យោធាហ្ស៊ីមបាវេហាក់ដូចជា កំពុងព្យាយាមដណ្ដើមអំណាច... ដែលនេះជាការព្រួយបារម្ភដ៏ធំ របស់សហភាពអាហ្រ្វិក ប៉ុន្តែសហភាពអាហ្រ្វិក នៅតែប្រកាន់គោលជំហរដដែល នោះគឺគំាទ្រយ៉ាងពេញទំហឹង ដល់រាល់ស្ថាប័នស្របច្បាប់នៃប្រទេសហ្ស៊ីមបាវេ»។
ដោយឡែក ជុំវិញវិបត្តិហ្ស៊ីមបាវេនេះដែរ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma កាលពីថ្ងៃពុធម្សិលមិញនេះបានឱ្យដឹងថា លោក Robert Mugabe បានប្រាប់លោកតាមទូរស័ព្ទថា រូបលោកត្រូវបានគេឃុំខ្លួននៅក្នុងផ្ទះរបស់លោក ក្នុងរដ្ឋធានី Harare តែលោកមានសុវត្ថិភាព។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅក្នុង ស្រុកក៏បានរាយការណ៍ដែរថា ភរិយា លោក Mugabe ទំនងជាបានជិះយន្ដហោះចាកចេញពីប្រទេសហ្ស៊ីមបាវេ ឆ្ពោះទៅកាន់ប្រទេស Namibia ហើយ។
គួរជម្រាបថា កាលពីសប្តាហ៍មុន លោក Mugabe បានបណ្តេញអនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធមិត្តនយោបាយជាង ៤០ឆ្នាំ របស់លោកក្រោមការ ចោទប្រកាន់ថា ពុំមានភាពស្មោះត្រង់។ តែទង្វើនេះត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe ដែលមានចេតនាចង់តែងតាំងប្រពន្ធរបស់លោក ផ្ទាល់ធ្វើជាអនុប្រធានាធិបតីជំនួសវិញ ហើយរហូតមកដល់ថ្ងៃពុធម្សិលមិញ ទើបមានសេចក្តីរាយការណ៍ថា កងកម្លាំងយោធា រួមជាមួយនឹងកងកម្លាំងការពារជាតិ ហ្ស៊ីមបាវេ (ZDF) ត្រូវបានគេ រាយការណ៍ថា បានធ្វើការគ្រប់គ្រងនិងកាន់កាប់រាល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងស្រុក ដែលវាគឺជាផ្នែកនៃការធ្វើរដ្ឋប្រហារទម្លាក់ លោក Robert Mugabe។
មួយវិញទៀត ហេតុការណ៍នេះបានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំងយោធាបានព្រមានថា នឹងលូកដៃចូលកិច្ចការនយោបាយ ដើម្បីបញ្ចប់ភាពតានតឹងដែលបង្កឡើងដោយ សារតែការបណ្តេញអនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលគេមើល ឃើញថា អាចជាអ្នកស្នងតំណែងបន្តពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។ លោក Mugabe បាន ក្លាយជាមេដឹកនាំប្រទេសយូរជាងគេនៅអាហ្វ្រិក និងតែមួយគត់របស់ហ្ស៊ីមបាវេ បន្ទាប់ពីប្រទេសស្ថិតនៅភាគខាងត្បូង ទ្វីបអាហ្វ្រិកមួយនេះ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៨០៕