(ណៃពិដោ)៖ មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានប្រតិកម្មតបតទៅនឹង ការចោទប្រកាន់មកលើរូបលោកស្រីដែលថា លោកស្រី បានបាត់មាត់បាត់ក ក៏ដូចជាមិនរវីរវល់អ្វីបន្តិចសោះ ចំពោះវិបត្តិពូជសាសន៍ នៃជនជាតិដើមរូហ៊ីងយ៉ា នៅរដ្ឋភាគខាងជើងប្រទេស ដែលបានអូសបន្លាយអស់ជាច្រើនខែមកហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ផ្ទុយទៅវិញលោកស្រី ស៊ូជី បានលើកឡើងថា លោកស្រីបានផ្តោតការយកចិត្តទុកដាក់ ទៅលើការនិយាយស្តី ដែលមិនបង្កើនភាពតានតឹង។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន នៅឯរដ្ឋធានីណៃពិដោ លោកស្រី អោងសាន ស៊ូជី បានបញ្ជាក់ថា «ខ្ញុំពុំបានបាត់មាត់ឈឹងនោះឡើយ... ន័យរបស់មនុស្សរាល់គ្នានោះគឺថា អ្វីដែលខ្ញុំនិយាយ វាពុំគួរឲ្យចាប់អារម្មណ៍គ្រប់គ្រាន់។ អ្វីដែលខ្ញុំនិយាយពុំមែនសំដៅចង់ឲ្យមានការរំភើបភ្ញាក់ផ្អើលឡើយ ដោយពាក្យសម្តីទាំងអស់ត្រូវធ្វើឡើង ក្នុងន័យឲ្យភាពត្រឹមត្រូវពិតប្រាកដ មិនមែនដើម្បីបង្កជម្លោះរវាងប្រជាជនមីយ៉ាន់ម៉ានោះទេ»។
គួរជម្រាបថា ដោយសារតែប្រតិបត្តិការបង្រ្កាបតបត ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះសកម្មភាពវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេស កាលពីចុងខែសីហាមក ជនជាតិដើមភាគតិចមូស្លីមនេះ ប្រមាណជាង ៦០០,០០០នាក់ បានរត់ភៀសខ្លួនចេញពីមីយ៉ាន់ ទៅកាន់ប្រទេសបង់ក្លាដែស។ ក្នុងអំឡុងពេលជាច្រើនខែកន្លងមកនេះ គេបានសង្កេតឃើញថា លោកស្រី ស៊ូជី ពុំបានចាត់វិធានការដែលមានប្រសិទ្ធភាពអ្វី ដើម្បីដោះស្រាយវិបត្តិនេះឡើយ រហូតមានមហាជនមួយចំនួន ចង់ឲ្យមានការដកពានរង្វាន់ណូបែលសន្តិភាព ពីរូបលោកស្រីវិញទៀតផង។
ទោះបីជាបែបនេះក្តី បើយើងសម្លឹងមើលឲ្យស៊ីជម្រៅជាងនេះ គឺអំណាចនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានបែងចែកដដែល បើទោះបីជាលោកស្រី ស៊ូជី កំពុងតែដឹកនាំប្រទេសក៏ដោយ ប៉ុន្តែយោធានៅតែមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្ត និងចេញប្រតិបត្តិការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសន្តិសុខជាតិដដែល ខណៈដែលព័ត៌មានកន្លងមក បានចេញផ្សាយឲ្យដឹងរួចទៅហើយថា យោធាមីយ៉ាន់ម៉ាបានចោទក្រុមជនជាតិរ៉ូហ៊ីងយ៉ាមួយចំនួនថា ជាក្រុមភេរវករដែលកំពុងបង្កអសន្តិសុខ៕