(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនម្នាក់នៅថ្ងៃពុធនេះ បានក្រើនរំលឹកកោះតៃវ៉ាន់ឱ្យមើលគំរូនៃការបរាជ័យក្នុងការប្រកាសឯករាជ្យ ផ្ដាច់ខ្លួនពីអេស្ប៉ាញរបស់តំបន់កាតាឡាន់ ដោយថែមទាំង អះអាងដែរថា ការបង្រួបប្រងួមជាតិ គឺជាកិច្ចការដំបូងគេដែលបណ្ដាប្រទេសទាំងអស់ត្រូវធ្វើ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីខែតុលាកន្លងទៅ រដ្ឋាភិបាលអេស្ប៉ាញបានអនុវត្តន៍នូវ មាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីគ្រប់គ្រងតំបន់កាតាឡាន់ដោយផ្ទាល់ បន្ទាប់ពីនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានបណ្ដេញប្រធានាធិបតី និងរំលាយសភាតំបន់កាតាឡាន់ ដោយសារតែការបោះឆ្នោតប្រកាសឯករាជ្យផ្ដាច់ខ្លួនពីទីក្រុងម៉ាឌ្រីត។
ត្បិតតែកាតាឡាន់នៅឆ្ងាយពីចិន ប៉ុន្តែទីក្រុងប៉េកាំងក៏បានតាមដាន និងយកចិត្តទុកដាក់ផងដែរ ចំពោះការវិវឌ្ឍស្ថានការណ៍នៅតំបន់ស្វយ័តអេស្ប៉ាញមួយនេះ ដោយហេតុខ្លាចក្រែងតំបន់ទីបេ និងកោះតៃវ៉ាន់យកគំរូតាម។ ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ អ្នកនាំពាក្យការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ លោក Ma Xiaoguang បាននិយាយថា បរាជ័យក្នុងការប្រកាសឯករាជ្យរបស់តំបន់កាតាឡាន់ គឺជារឿងល្អមួយ។
លោក Ma បន្ថែមយ៉ាងដូច្នេះថា «ការបរាជ័យប្រកាសឯករាជ្យរបស់តំបន់កាតាឡាន់បានបង្ហាញថា ការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីគឺជាផល ប្រយោជន៍ជាតិដ៏សំខាន់ដំបូងផុត ដែលប្រទេសនានាត្រូវតែធ្វើ... ដូច្នេះតៃវ៉ាន់គួរតែយល់ឱ្យច្បាស់ថា ការប្រកាសឯករាជ្យពីចិន គ្មានផ្លូវកើតឡើងជាដាច់ខាត»។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់ទុកថា កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយបានបញ្ជាក់ជាច្រើនដងថា ខ្លួននឹងមិនរារែកឡើយក្នុងប្រើប្រាស់កម្លាំងយោធា វាយយកកោះតៃវ៉ាន់មកគ្រប់គ្រងទាំងស្រុង បើសិនជាទីក្រុងតៃប៉ិ ហ៊ានផ្សងព្រេងប្រកាសឯករាជ្យ៕