(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបញ្ចប់ទស្សកិច្ចរយៈពេល ១២ថ្ងៃ នៅអាស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាថ្មីថា លោកនឹងមិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយ ក្លេអ៊ែរឡើយហើយថា លោកនឹងបន្តដាក់សម្ពាធជាអតិបរាមា រហូតដល់ទីក្រុងព្យុងយ៉ាងព្រមចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍អាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានអំពាវនាវដល់បណ្ដាប្រទេសនានា ក្នុងនោះមានទាំងចិន និងរុស្ស៊ី រួបរួមគ្នាធ្វើឱ្យកូរ៉េខាងជើងឯកោ និងផ្ដាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មរហូតដល់ទីក្រុងព្យុងយ៉ាងព្រមបញ្ឈប់សកម្មភាពបង្ករឿងដ៏គ្រោះថ្នាក់... យើងត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងហើយ ខ្ញុំបញ្ជាក់ឡើងវិញថា យើងនឹងមិនអនុញ្ញាតឱ្យមេដឹកនាំផ្ដាច់ការម្នាក់នេះ (លោក គីម ជុងអ៊ុន) យកពិភពលោកធ្វើជាចំណាប់ខ្មាំង ដោយសារអាវុធនុយក្លេអ៊ែរនោះទេ»។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានអះអាងថា ខ្លួនគ្មានថ្ងៃបោះចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត រីឯលោក ត្រាំ គួរតែត្រូវបានកាត់ទោសប្រហារជីវិតដោយប្រជាជនកូរ៉េខាងជើង និងជាមនុស្សកំសាកដែលមិនហ៊ានបំពេញដំណើរទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ៕