(សេអ៊ូល)៖ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នៅថ្ងៃពុធនេះ បានតំឡើងសសៃ​កជាថ្មីដាក់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ សម្រាប់ការ​ប្រើពាក្យអសុរស​លើ លោក គីម ជុងអ៊ុន។ ព្រមពេល​ជាមួយគ្នា សារព័ត៌មានរដ្ឋ​មួយនេះក៏បាននិយាយដែរថា លោក ត្រាំ គួរតែត្រូវបានកាត់ទោស​ប្រហារជីវិត​ ដោយប្រជាជនកូរ៉េខាងជើង ហើយថា លោកជា មនុស្ស​កំសាក​​ដែលមិនហ៊ានបំពេញដំណើរ​ទស្សនកិច្ច​ ទៅកាន់តំបន់​ព្រំដែនគ្មានយោធារ​វាងកូរ៉េ​ទាំង​ពីរ​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

Rodong Sinmun នៅក្នុងបទវិចារណកថារបស់ខ្លួន បានជះកំហឹងពេញមួយទំហឹងលើលោក​ដូណាល់ ត្រាំ សម្រាប់ការហៅលោក គីម ជុងអ៊ុន ថាជា «ជនផ្ដាច់ការដ៏សាហាវឃោរឃៅ» នា​អំឡុងពេលលោកថ្លែងសារទៅកាន់ សភាកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន។ Rodong Sinmun បានលើកឡើងដូច្នេះថា៖ «ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតដែល ដូណាល់ ត្រាំ មិនសមនឹង ទទួល​បាន​ការ​លើក​លែងនោះ គឺរូបគេហ៊ានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃ មេដឹកនាំកំពូលរបស់យើង ដោយវិធីសាស្ត្រស្មោកគ្រោក... ហើយរូបគេគួរតែដឹងថា ខ្លួនឯងគឺជាឧក្រិដ្ឋជនដ៏គួរឱ្យ​ស្អប់​ខ្ពើម​សម​តែ​ត្រូវ​កាត់​ទោស​ប្រហារជីវិត ដោយប្រជាជនកូរ៉េខាងជើង»។

គួរបញ្ជាក់ថា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង បានក្លាយជារបៀបវារៈជួរមុខ របស់លោក ដូណាល់ ត្រាំ នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ​ជាទីដែលលោកបាន រិះ​គន់​និង​ព្រមាន​ប្រើប្រាស់កម្លាំងយោធា ការពារកូរ៉េខាងត្បូង និងជប៉ុន នៅ​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​កូរ៉េ​ខាង​ជើង​៕