(អាហ្វ្រិក)៖ យោធាហ្ស៊ីមបាវេ​បានប្រកាស តាមកញ្ចក់​ទូរទស្សន៍រដ្ឋ ដែលខ្លួនកំពុង​ធ្វើ​ការ​គ្រប់​គ្រងទាំងស្រុង ចាប់តាំងពីពេល​ទៀបភ្លឺ​​ថ្ងៃទី១៥ ខែវិច្ឆិកានេះថា កងទ័ព​មិនបាន​​ធ្វើរដ្ឋប្រហារ​នោះឡើយ ប៉ុន្តែការ​បញ្ជូនកម្លាំង និងចល័តរថពាស​​ដែក​ មកកាន់រដ្ឋធានី​ពេលនេះ គឺដើម្បីចាត់ការ​មនុស្ស​ជំនិតៗ​មួយចំនួន​របស់ ប្រធានាធិបតី លោក Robert Mugabe ដែលបានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចច្របូកច្របល់ ហើយ​មេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ កំពុងស្ថិតនៅក្នុង​សុវត្ថិភាពជា​ធម្មតា​នោះទេ។ នេះបើតាម​ការចេញផ្សាយ​ព័ត៌មាននៅមុននេះ​បន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការអះអាងខាងលើនេះរបស់យោធា បន្ទាប់ពីមានព័ត៌មានផ្ទុះឡើងថា យោធាធ្វើរដ្ឋប្រហារ​ទម្លាក់ លោក Mugabe ពីអំណាច ហើយកំពុងតែឃុំខ្លួនលោកថែមទៀតផង ដោយមិន​បានបញ្ជាក់ថា លោកកំពុងស្ថិតនៅទីណានោះឡើយ។ នៅមុនហេតុការណ៍ស្ងប់ស្ងាត់​បន្តិច មានសាក្សីបាន​លឺស្នូរកាំភ្លើង និងការផ្លោងកាំភ្លើងធំ ស្ថិតនៅភាគខាងជើង​ នៃរដ្ឋធានី Harare កាលពីព្រឹកថ្ងៃពុធនេះ​តែម្តង។ សម្រាប់ព័ត៌មាន​ជាផ្លូវការពេលនេះ ទំនងជាមិនទាន់​មានភាព​ច្បាស់លាស់នោះឡើយ ខណៈយោធាជាអ្នកគ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់។

លោក Mugabe បានក្លាយជាមេដឹកនាំ​ប្រទេស យូរ​ជាងគេនៅ​អាហ្វ្រិក និងតែមួយគត់របស់ហ្ស៊ីមបាវេ បន្ទាប់ពីប្រទេសស្ថិត​នៅភាគខាងត្បូងទ្វីបអាហ្វ្រិក​មួយនេះ ទទួលបានឯករាជ្យ​ពីអង់គ្លេស​​នៅឆ្នាំ១៩៨០។

នៅព្រឹកមិញនេះ​មានសេចក្តីរាយការណ៍ថា កងកម្លាំង​យោធារួមជាមួយនឹងកងកម្លាំង​​ការពារជាតិ ហ្ស៊ីមបាវេ (ZDF) ត្រូវបានគេ​រាយការណ៍​ថា បានធ្វើការគ្រប់គ្រងកាន់កាប់​រាល់បណ្តាញសារព័ត៌មាន​​ទាំងអស់ក្នុងស្រុក ដែលវាគឺជាផ្នែកនៃការធ្វើរដ្ឋប្រហារ​ទម្លាក់លោក Robert Mugabe។ ហេតុការណ៍នេះ​បានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំង​យោធា បានព្រមានថា នឹងលូកដៃចូល​កិច្ចការ​នយោបាយ ដើម្បីបញ្ចប់​ភាព​តានតឹង ដែលបង្កឡើង​ដោយសារតែ​ ការបណ្តេញ​អនុប្រធានាធិបតី​ហ្ស៊ីមបាវេ ដែលគេមើលឃើញថា អាចជា​អ្នកស្នងតំណែង​​បន្ត​ពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។

គួរជម្រាបថា កាលពី​សប្តាហ៍មុន លោក Mugabe បានបណ្តេញ​អនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធ​មិត្ត​​នយោបាយជាង ៤០ឆ្នាំរបស់លោក ក្រោមការចោទ​ប្រកាន់ថា ពុំមានភាព​ស្មោះត្រង់។ ដោយឡែក ទង្វើនេះ​ត្រូវបានគេមើល​ឃើញ​ថា ជាការពង្រឹងអំណាច​របស់ លោក Mugabe ដែលមានចេតនា​ចង់តែងតាំងប្រពន្ធ​របស់លោក​ផ្ទាល់ ធ្វើជាអនុប្រធានាធិបតី​ជំនួស​វិញ៕