(កង់បេរ៉ា)៖ ប្រជាជនអូស្រ្តាលីក្នុងចំនួនដ៏ច្រើនលើសលប់ បានបោះឆ្នោតគំាទ្រផ្ដល់ភាពស្របច្បាប់ ដែលអនុញ្ញាតឱ្យក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា រៀបការជាមួយនឹងគ្នាបាន។ នេះ បើតាមការលទ្ធផលនៃការបោះឆ្នោតស្ទង់មតិ ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមលទ្ធផលបោះឆ្នោតស្ទង់មតិដោយស្ម័គ្រចិត្ត ចេញផ្សាយនៅថ្ងៃពុធនេះ ប្រជាជនអូស្រ្ដាលីដល់ទៅ ៦១.៦ភាគរយ បានបង្ហាញការយល់ស្រប ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយនឹងគ្នា ហើយគ្រាន់តែលទ្ធផលចេញភ្លាមដែរ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បាននាំគ្នាប្រមូលផ្ដុំនៅតាមទីសាធារណៈជាច្រើនក្នុងប្រទេស ដើម្បីសម្ដែងការសាទរស្រែកច្រៀង និងរាំយ៉ាងសប្បាយក្រោមការគ្រវីទង់ជាតិ តំណាងឱ្យអ្នកស្រឡាញ់ភេទដូចគ្នា។
ដោយឡែកជុំវិញលទ្ធផលនេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាជនអូស្ត្រាលីបានបោះឆ្នោតក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលប់ សម្រាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា... ពួកគេបានបោះឆ្នោតយល់ព្រម «Yes» ដើម្បីយុត្តិធម៌ យល់ព្រមដើម្បីការបេ្ដជ្ញាចិត្ត និងយល់ព្រមដើម្បីសេចក្ដីស្រឡាញ់»។
គួរបញ្ជាក់ថា ប្រជាជនច្រើនជាង ១២.៧លាននាក់ ឬស្មើនឹង ៧៩.៥ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោត បានចូលរួមនៅក្នុងការបោះឆ្នោតស្ទង់មតិ មានរយៈពេល ០៨សប្ដាហ៍ តាមរយៈ ការសួរសំណួរគួរតែមិន ឬអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា រៀបការជាមួយគ្នាដោយស្របច្បាប់។ ចំណែកឯលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលរបស់ លោកនឹងអនុម័តលើច្បាប់ថ្មីនេះ នៅក្នុងរដ្ឋសភាឱ្យបានមុនថ្ងៃបុណ្យណូអ៊ែលខាងមុខនេះ៕