(ហ្ស៊ីមបាវេ)៖ យានយន្តរបស់កងកម្លាំងយោធាហ្ស៊ីមបាវេ ត្រូវគេរាយការណ៍ថា បានធ្វើការបិទផ្លូវព័ទ្ធពីខាងក្រៅ មុខអគារសភាហ្ស៊ីមបាវេ ប៉ុន្មានម៉ោងក្រោយពីមានការសង្ស័យថា មានផ្ទុះរដ្ឋប្រហារយោធា ក្នុងចេតនាទម្លាក់មេដឹកនាំកាន់អំណាចយូរបំផុតនៅអាហ្រ្វិក លោក Robert Mugabe ចេញពីអំណាច ខណៈនៅមុននេះកម្លាំងយោធាហ្ស៊ីមបាវេ បានចេញមុខអះអាងថា មេដឹកនាំរបស់ពួកគី គឺនៅតែកាន់អំណាចជាធម្មតា ហើយនៅតែមានសុវត្ថិភាព និងថាការចល័តកម្លាំងទ័ពនេះ គ្រាន់តែជាការកម្ចាត់សត្រូវ ដែលចង់យាយី លោក Mugabe ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅព្រឹកមិញនេះមានសេចក្តីរាយការណ៍ថា កងកម្លាំងយោធារួមជាមួយនឹងកងកម្លាំងការពារជាតិ ហ្ស៊ីមបាវេ (ZDF) ត្រូវបានគេរាយការណ៍ថា បានធ្វើការគ្រប់គ្រងកាន់កាប់រាល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងស្រុក ដែលវាគឺជាផ្នែកនៃការធ្វើរដ្ឋប្រហារទម្លាក់លោក Robert Mugabe។ ហេតុការណ៍នេះបានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំងយោធា បានព្រមានថា នឹងលូកដៃចូលកិច្ចការនយោបាយ ដើម្បីបញ្ចប់ភាពតានតឹង ដែលបង្កឡើងដោយសារតែ ការបណ្តេញអនុប្រធានាធិបតីហ្ស៊ីមបាវេ ដែលគេមើលឃើញថា អាចជាអ្នកស្នងតំណែងបន្តពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។
គួរជម្រាបថា កាលពីសប្តាហ៍មុន លោក Mugabe បានបណ្តេញអនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធមិត្តនយោបាយជាង ៤០ឆ្នាំរបស់លោក ក្រោមការចោទប្រកាន់ថា ពុំមានភាពស្មោះត្រង់។ ដោយឡែក ទង្វើនេះត្រូវបានគេមើលឃើញថា ជាការពង្រឹងអំណាចរបស់ លោក Mugabe ដែលមានចេតនាចង់តែងតាំងប្រពន្ធរបស់លោកផ្ទាល់ ធ្វើជាអនុប្រធានាធិបតីជំនួសវិញ៕