​(ម៉ូស្គូ)៖ ភាពតាន​តឹងរវាង​អារ៉ាប៊ីសាអូឌីត និងសត្រូវយូរយាតជំនាន់គឺអ៊ីរ៉ង់ បានឈានដល់​កំរិតខ្ពស់​មួយ រហូតដល់​អ្នកជំនាញខ្លះ​យល់ថា សង្រ្គាមរវាងប្រទេស​ទំាងពីរ អាចនឹង​ផ្ទុះឡើង​នៅថ្ងៃអានាគត ខណៈទីក្រុង​តេហរ៉ង់ និងទីក្រុង​រីយ៉ាដ កំពុងប្រើប្រាស់​ប្រទេសស៊ីរី និងយេម៉ែន​ជាទីដណ្ដើមឥទ្ធិពល​គ្នា​ ធ្វើជាបងធំ​នៅក្នុងតំបន់​ តាមរយៈការគំាទ្រ​ភាគីជម្លោះ​រៀងៗ​ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា​កន្លងទៅ អារ៉ាប៊ីសាអូឌីត​បានចង្អុលមុខអ៊ីរ៉ង់ថា កំពុងធ្វើសកម្មភាព​បង្កសង្រ្គាម និងជាអ្នក​ទទួលខុស​ត្រូវលើ​គ្រាប់មីស៊ីល​មួយគ្រាប់ ដែលត្រូវបាន​សម្ព័ន្ធមិត្ត របស់ខ្លួន​គឺក្រុម​ឧទ្ទាមហ៊ូទី ក្នុងប្រទេស​យេម៉ែនបាញ់តម្រង់មកកាន់​ទីក្រុង​រីយ៉ាដ តែជាសំណាងល្អ​មីស៊ីលនេះ ​ត្រូវបាញ់ទម្លាក់​ទាន់​ពេលវេលា។ ក៏ប៉ុន្តែ​ទីក្រុង​តេហេរ៉ង់ បាន​បដិសេធ រាល់ការ​ចោទប្រកាន់ ហើយថា ទីក្រុងរីយ៉ាដ​ខ្លួនឯងទៅវិញ​ទេ ជាអ្នកទទួល​ខុសត្រូវលើឧក្រិដ្ឋកម្ម​សង្រ្គាម​នៅយេម៉ែន។

បន្ថែមពីលើនេះ ក្រៅតែពីជម្លោះនិកាយ​ដណ្ដើមឥទ្ធិពលគ្នា និងចោទគ្នាទៅវិញ​ទៅមក​ រឿងគំាទ្រក្រុមភេរវករ​ក្នុងតំបន់ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់​ក៏កំពុងប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ផងដែរ ក្រោយអ៊ីរ៉ង់​ចោទថា ទីក្រុងរីយាដ​បានចាប់នាយករដ្ឋ​មន្ត្រីលីបង់ លោក Saad Hariri ដែលបានប្រកាស​លាលែងពី​តំណែងក្នុងទីក្រុងរីយ៉ាដ កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ជាចំណាប់ខ្មាំង។ តាមរយៈវិបត្តិ​ទាំងនេះ និងបរាជ័យ​របស់​អារ៉ាសាអូឌីត នៅស៊ីរី ក្រុមអ្នកជំនាញ​មួយចំនួនយល់ថា សង្រ្គាមរវាង​ប្រទេសទាំងពីរ​អាចនឹងផ្ទុះឡើង​នៅថ្ងៃណាមួយ តែគេមិនអាច​ទាយទុកជាមុន​ឡើយថា បើសង្រ្គាមផ្ទុះឡើង​មែន តើនរណា​ជាអ្នកឈ្នះ?

ខាងក្រោមនេះគឺជាការប្រៀបធៀបកម្លាំងយោធានៃប្រទេសទាំងពីរ៖

យោងតាម​គេហទំព័រ Global Firepower Index យោធាអ៊ីរ៉ង់​ជាប់លំដាប់ថ្នាក់​លេខ ២១ រីឯអារ៉ាប៊ីសាអូឌីតវិញ ជាប់លេខ ២៤ នៅលើពិភពលោក។ មិនតែប៉ុណ្ណោះ​បើប្រៀបធៀប​ចំនួនប្រជាជន​អ៊ីរ៉ង់មាន ប្រជាជន​ច្រើនជាង​អារ៉ាប៊ីសាអ៊ូឌីត​ដល់ទៅបីដង ព្រមទំាង​អាចប្រមូលកងទ័ព​រហូតដល់ ៣៩លាននាក់ បើធៀបទៅនឹង​អារ៉ាប៊ីសាអូឌីត អាចប្រមូល​បាន ១៤លាននាក់ប៉ុណ្ណោះ។

ក៏ប៉ុន្តែបើ​និយាយពីកញ្ចប់​ថវិកាយោធាវិញ ទីក្រុងរីយ៉ាដ​ចាយលុយមួយឆ្នាំអស់ ៥៦ពាន់​លានដុល្លារ, មានយន្ដហោះ​ចម្បាំង ៧៩០គ្រឿង, រថក្រោះ ១,១៤២គ្រឿង នាវាចម្បាំង ៥៥គ្រឿង ខណៈអ៊ីរ៉ង់ចាយលុយ​លើយោធា​អស់ ៦.៣ពាន់លានដុល្លារ, មានយន្ដហោះ​ចម្បាំង ៤៧៧គ្រឿង, រថក្រោះ ១,៦១៦គ្រឿង និងនាវាចម្បាំង ៣៩៨គ្រឿង។

គួរបញ្ជាក់ថា ការដែលអ៊ីរ៉ង់​ត្រូវបានក្រុមជំនាញ​វិភាគថា អាចមានប្រៀប​លើអារ៉ាប៊ីសាអូឌីត​នោះ គឺទំនងជាការយោង​ទៅលើចំនួនកងទ័ព យុទ្ធសាស្ត្រទ័ព និងទីតាំង​ភូមិសាស្ត្រ ​រវាងប្រទេសទាំងពីរ ​ព្រមទាំងការ​ជួយជ្រោមជ្រែង​ពីសម្ព័ន្ធមិត្តផងដែរ ក្នុងករណី​ដែលពិតជា​មានសង្គ្រាម​ផ្ទុះឡើង​មែននោះ៕