(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ក្នុងការបង្កើនល្បឿននៃដំណើរការចរចា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ហៅកាត់ថា RCEP និងបានទទូចឲ្យមេដឹកនាំអាស៊ានដទៃៗទៀត ព្រមទាំងបណ្តាប្រទេសជាដៃគូពាណិជកម្ម ធ្វើយ៉ាងណាបង្ហើយកត្តិកាសញ្ញាពាណិជ្ជកម្មដ៏ធំនេះឲ្យបានឆាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងអំឡុងការថ្លែងសុន្ទរកថា នៅកិច្ចប្រជុំ RCEP លើកដំបូងបំផុត លោក ឌូតឺតេ បាននិយាយថា RCEP គឺមិនត្រឹមជាកិច្ចព្រមព្រៀងបន្ថែមធម្មតាៗនោះទេ ប៉ុន្តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលអាចផ្តល់ឲ្យនូវវិសាលភាព ក្នុងការបញ្ចេញសក្តានុពលថ្មី និងបង្កើតក្បួនច្បាប់ថ្មីសម្រាប់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ។
លោកប្រធានាធិបតីហ្វីលីពីន បានបន្តថា បម្រែបម្រួលនៃទិដ្ឋភាពសេដ្ឋកិច្ចសកល ទាមទារឲ្យយើង ធ្វើយ៉ាងណាឈានដល់ការបង្ហើយកិច្ចចរចាដ៏សំខាន់នេះជាបន្ទាន់ ដើម្បីបង្កើតតំណភ្ជាប់ពាណិជ្ជកម្ម ប្រកបដោយមានភាពស៊ីជម្រៅ ដែលនឹងបង្ហាញពីការប្តេជ្ញារបស់ពួកយើង ចំពោះទីផ្សារសេរីនិងបើកចំហ។ លោក ឌូតឺតេ បានបញ្ជាក់ថា កត្តិកាសញ្ញានេះ ដែលបាននាំយកប្រទេសចំនួន ១៦ មករួបរួមគ្នានោះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយ នៅពេលចូលជាធរមាន ខណៈវាគ្របដណ្តប់លើចំនួនប្រជាជនសរុប នៅលើពិភពលោកជិតពាក់កណ្តាល ហើយមានតម្លៃប្រមាណជាមួយភាគបី នៃទំហំ GDP សកល។
គួរជម្រាបថា ចាប់តាំងតែ RCEP ត្រូវបានចាប់ផ្តើមកាលពីឆ្នាំ២០១២មកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី និងការចរចាជាច្រើនលើក ត្រូវបានធ្វើឡើង។ ខណៈពេលនេះ ភាគីចរចាទាំងអស់ កំពុងតែរៀបចំគោលដៅចុងក្រោយ ដោយគោរពទៅតាមពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគទុន ក្រោមការព្រមព្រៀងពាណិជ្ជកម្ម ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ រូមនិងប្រទេសជាដៃគូពាណិជកម្មរួមមានដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។
ការសម្រេចបាន RCEP នឹងឈានទៅរកការបង្កើតក្រុមប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ហើយគូសបញ្ជាក់ពីសក្តានុពលសម្រាប់ឲ្យ RCEP បម្រើជាម៉ាស៊ីនរុញច្រានមួយដល់កំណើនសកល៕