(ប៉េកាំង)៖ កងកម្លាំង​យោធា ជាមួយនឹងកងកម្លាំង​​ការពារជាតិ ហ្ស៊ីមបានវេ (ZDF) ត្រូវបាន​គេរាយការណ៍​ថា បានធ្វើការគ្រប់គ្រង​រាល់បណ្តាញសារព័ត៌មាន​​ទាំងអស់ក្នុងស្រុក ហើយក៏​បានប្រកាសអំពី​ការធ្វើរដ្ឋប្រហារ​យោធា នៅពេលទៀបភ្លឺ​ឈានចូលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នេះផងដែរ ដែលគេ​ជឿជាក់ថា ជាចេតនាទម្លាក់មេដឹកនាំ​កាន់អំណាចយូរបំផុត​នៅអាហ្វ្រិក លោក Robert Mugabe ចេញពីអំណាច ប៉ុន្តែខាងយោធាដែលស្មោះស្ម័គ្រនឹង​មេដឹកនាំវ័យ ៩៣ឆ្នាំរូបនេះ បានចេញមុខ​អះអាងតបវិញថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ហើយមេដឹកនាំរបស់ពួកគេ គឺនៅតែកាន់អំណាច និងមានសុវត្ថិភាព។ នេះបើតាមការ​ចេញផ្សាយដោយ ​សារព័ត៌មាន Telegraph របស់អង់គ្លេស នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ហេតុការណ៍នេះ​បានកើតឡើងនៅរយៈពេល ០២ថ្ងៃ បន្ទាប់ពីកម្លាំង​យោធា បានព្រមានថា នឹងលូកដៃចូល​កិច្ចការ​នយោបាយ ដើម្បីបញ្ចប់​ភាព​តានតឹង ដែលបង្កឡើង​ដោយសារតែ​ ការបណ្តេញ​អនុប្រធានាធិបតី​ហ្ស៊ីមបាវេ ដែលគេមើលឃើញថា អាចជា​អ្នកស្នងតំណែង​​បន្ត​ពីប្រធានាធិបតី លោក Robert Mugabe ចេញពីអំណាច។

គួរជម្រាបថា កាលពី​សប្តាហ៍មុន លោក Mugabe បានបណ្តេញ​អនុប្រធានាធិបតី លោក Emmerson Mnagawa ដែលជាសម្ព័ន្ធ​មិត្ត​​នយោបាយជាង ៤០ឆ្នាំរបស់លោក ក្រោមការចោទ​ប្រកាន់ថា ពុំមានភាព​ស្មោះត្រង់។ ដោយឡែក ទង្វើនេះ​ត្រូវបានគេមើល​ឃើញ​ថា ជាការពង្រឹងអំណាច​របស់ លោក Mugabe ដែលមានចេតនា​ចង់តែងតាំងប្រពន្ធ​របស់លោក​ផ្ទាល់ ធ្វើជាអនុប្រធានាធិបតី​ជំនួស​វិញ៕