(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយថា រដ្ឋាភិបាល​របស់លោក​ នឹងចាត់វិធានការសងសឹក បើសិនជា​សារព័ត៌មាន​រុស្ស៊ី Russian Today ឬ RT​ ជាភាសាអាមេរិកកាំង​ ត្រូវបានគេបង្ខំឱ្យចុះបញ្ជីជាទីភ្នាក់ងារ​បរទេស នៅក្នុងសហរដ្ឋអាមេរិក​នោះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការលើកឡើងខាងលើ​របស់ លោក Sergei Lavrov ធ្វើឡើងបន្ទាប់ពី​សារព័ត៌មាន RT American បានចុះបញ្ជី​ជាទីភ្នាក់ងារបរទេស​ ក្នុងសហរដ្ឋអាមេរិក​កាលពី​ថ្ងៃចន្ទ តាមសំណើពី ក្រសួងយុត្តិធម៌​អាមេរិក។ «បើសិនជា​យើងចាត់វិធានការ​សងសឹក នោះវានឹងជា​វិធានការមួយ​ដ៏សមស្រប... ហើយលោក​ប្រធានាធិបតី​បាននិយាយថា ប្រតិកម្ម​តបតរបស់​យើង នឹងត្រូវ ធ្វើឡើងយ៉ាង​ឆាប់រហ័ស និងដូចជា​កញ្ចក់ឆ្លុះ»។ នេះបើតាម លោក Sergei Lavrov។

គួរបញ្ជាក់ថា​ សភាជាន់​ទាបរុស្ស៊ី ក៏គ្រោងនឹងជួបប្រជុំ​គ្នាផងដែរ នៅថ្ងៃពុធនេះ ដើម្បីដឹកនា​កិច្ចពិភាក្សា​ស្ដី​ពីការធ្វើវិសោធនកម្ម​ច្បាប់ ពាក់ព័ន្ធនឹង​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស​នៅក្នុង ប្រទេស​រុស្ស៊ី ហើយដែល​តាមរយៈការ​ធ្វើវិសោធនកម្មនេះ អាចនឹងទទួលស្គាល់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស បំពេញមុខងារ​ជាទីភ្នាក់ងារ​បរទេស។ សារព័ត៌មាន RT ​និង Sputnik ត្រូវបាន​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេសអឺរ៉ុប​មួយចំនួនធំ ចោទ​ប្រកាន់ថា បានចូលរួមជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ផ្សព្វផ្សាយ​ព័ត៌មានមិនពិត​ ទាក់ទិន​នឹងការបោះឆ្នោត​អាមេរិក រួមទំាង​នៅអឺរ៉ុប បើទោះជាទីក្រុងម៉ូស្គូ​បដិសេធជាច្រើន​ដង​ក៏ដោយ៕