(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បានជួយសង្រ្គោះត្រីបាឡែន (sperm ir cachalot whales ជាប្រភេទត្រីបាឡែនមានធ្មេញធំ និងមាឌធំ) ចំនួន ១០ក្បាល ដែលបានអណ្តែតមកទើរលើឆ្នេរ Ujung Kareung ស្ថិតនៅភាគពាយ័ព្យ កោះស៊ូម៉ាត្រា នៃខេត្ត Aceh។

២៖ រដ្ឋមន្រ្តីបរិស្ថានតៃវ៉ាន់ ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយ ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុរបស់ UN ឡើយ សូម្បីក្នុងនាមជាអ្នកចូលរួមមិនមែន តំណាងរដ្ឋាភិបាលក៏ដោយ ពីព្រោះតែសម្ពាធពីសំណាក់ប្រទេសចិន

៣៖ យោធាចិន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា លើការជួយសង្រ្គោះ និងផ្ដល់ជំនួយមនុស្សធម៌ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ។ សមយុទ្ធនេះធ្វើឡើង នៅក្នុងទីក្រុង Portland នៃរដ្ឋ Oregon ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក។

៤៖ មន្រ្តីប៉ូលិសយ៉ាងតិច ២២នាក់ រួមនិងក្រុមសកម្មប្រយុទ្ធ ៤៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យ នៅក្នុងស្រុក Maywand នៃខេត្ត Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន នាយប់ថ្ងៃចន្ទម្សិលមិញ។

៥៖ ក្នុងនាមជាអនាគតប្រធានអាស៊ាន នាឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ ប្រទេសសិង្ហបុរីរំពឹងថា នឹងនៅតែបន្តទទួលបានការគាំទ្រ ពីសំណាក់សហរដ្ឋអាមេរិក ចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

៦៖ ក្រុមអ្នកនយោបាយ និងម្ចាស់ធនាគារជាច្រើននៅក្នុងប្រទេសលីបង់ កំពុងព្រួយបារម្ភខ្លាចក្រែងអារ៉ាប៊ីសាអូឌីត ដាក់ទណ្ឌកម្មហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសរបស់ពួកគេ ដូចដែលទីក្រុងរីយ៉ាដ ធ្លាប់បានធ្វើដាក់ប្រទេសកាតា។ ភាពតាងតឹងរវាងអារ៉ាប៊ីសាអូឌីត និងលីបង់ បានផ្ទុះឡើងក្រោយពីទីក្រុងរីយ៉ាដចោទថាលីបង់កំពុងសកម្មភាពបង្ក សង្រ្គាមជាមួយខ្លួនតាមរយៈការគាំទ្រក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន៕