(វ៉ាស៊ីនតោន)៖ យោធាចិន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា លើការជួយសង្រ្គោះ និងផ្ដល់ជំនួយមនុស្សធម៌ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ។ សមយុទ្ធនេះធ្វើ
ឡើងនៅក្នុងទីក្រុង Portland នៃរដ្ឋ Oregon ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម ស៊ីនហួរ សមយុទ្ធមានអ្នកតំណាង ៣៥នាក់ មកពីប្រទេសទាំងពីរចូលរួម ដែលបានចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នឹងត្រូវប្រពឹ្រត្តទៅនៅក្នុងទីក្រុង Portland នៃរដ្ឋ Oregon ដោយក្នុងនោះបីថ្ងៃដំបូង គឺផ្ដោតសំខាន់លើការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក រីឯ ០៤ថ្ងៃបន្ទាប់ គឺផ្ដោតសំខាន់លើការធ្វើសកម្មភាពហ្វឹកហាត់ និងដឹកនាំការ ធ្វើសមយុទ្ធរួមគ្នាក្នុងការជួយសង្រ្គោះ ផ្ដល់ជំនួយ និងទប់ស្កាត់គ្រោះទឹកជំនន់ រួមទាំងគ្រោះមហន្តរាយធម្មជាតិនានា។
គួរបញ្ជាក់ថា ចាប់តាំងកម្មវិធីចាប់ផ្ដើមធ្វើឡើងជាលើកដំបូង ក្នុងឆ្នាំ១៩៩៧ មនុស្សច្រើនជាង ៤០០នាក់ មកពីចិន និងសហរដ្ឋអាមេរិក បានចូលរួមនៅក្នុងសមយុទ្ធរបៀបនេះ។ មិនតែប៉ុណ្ណោះ ការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកចំនួន ១៣លើក ព្រមទាំងការធ្វើសមយុទ្ធថ្នាក់ទីបញ្ជាការចំនួន ០៥ និងការធ្វើសមយុទ្ធចូលរួមដោយផ្ទាល់ចំនួន ០៥ ក៏ធ្លាប់ត្រូវបានធ្វើឡើងផងដែរ ដែលនេះអាចជួយដល់យោធាចិន និងអាមេរិក ស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក លើប្រតិបត្តិការជួយសង្រ្គោះ និងផ្ដល់ជំនួយមនុស្សធម៌៕