(ហ្វីលីពីន)៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ដោយផ្ទាល់មាត់ ទៅកាន់អគ្គលេខាធិការរូបនេះ ពីវត្តមានរបស់គ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅលើទឹកដីកម្ពុជា ហើយបាននិងកំពុងធ្វើឲ្យពលរដ្ឋខ្មែរ រងគ្រោះដោយឥទ្ធិពលរបស់គ្រាប់បែកគីមីទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់លោក António Guterres ថា ថ្មីៗនេះកម្ពុជា បានរកឃើញនូវគ្រាប់បែកគីមីក្នុងទឹកដី ដែលអាមេរិកទំលាក់ចុងទស្សវត្សទី៦០ និងដើមទស្សវត្ស៧០ ដែលរយៈពេលប្រមាណ៤០ឆ្នាំនេះ ពលរដ្ឋកម្ពុជាបាន និងកំពុងរងគ្រោះដោយឥទ្ធិពលរបស់វា។ ទាក់ទងបញ្ហានេះ កម្ពុជាបានធ្វើលិខិតផ្លូវការ ទៅកាន់អង្កការអន្តរជាតិ ផ្នែកអាវុធគីមី ដើម្បីជួយកម្ពុជារួចរាល់ហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា កម្ពុជា បានដាក់សំណើរួចរាល់ហើយ ទៅកាន់អង្គការហាមឃាត់អាវុធគិមី ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ បង្ហាញពីការរុករកឃើញវត្តមានគ្រាប់បែកគីមីរបស់អាមេរិក ដែលបន្សល់លើដីខ្មែរ។ ក្រៅពីបង្ហាញពីការរុករកឃើញគ្រាប់បែកគីមី របស់អាមេរិកដែលបន្សល់ពីសម័យសង្រ្គាមហើយនោះ ប្រមុខការទូតកម្ពុជា ក៏បានស្នើសុំជំនួយពីអង្គការអន្តរជាតិផ្នែកអាវុធគីមីមួយនេះ ជួយបោសសំអាត និងបំផ្លាញអាវុធគីមីរបស់អាមេរិកផងដែរ។
ក្នុងលិខិតផ្ញើជូនលោក Ahmet Üzümcü អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW) លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានផលប៉ះពាល់តំបន់ជាច្រើន នៃផ្ទៃប្រទេសកម្ពុជាបានប្រទះឃើញអាវុធគីមីមួយចំនួន។
លោកបន្តថា កាលពីខែមីនា និងមេសា ឆ្នាំ២០១២ អ្នកជំនាញមកពីអង្គការហាមឃាត់អាវុធគីមី បានពិនិត្យ និងបញ្ជាក់វត្តមាននៃអាវុធគីមី ដែលត្រូវបានរកឃើញនៅខេត្តមណ្ឌលគីរី ហើយនៅដើមខែតុលា ឆ្នាំ២០១៧ថ្មីៗនេះ បានយកចេញកាកសំណល់អាវុធមួយចំនួន ពីសាលាបឋមសិក្សាគគីរ និងវត្ត ក្នុងឃុំគគីរ ខេត្តស្វាយរៀង ដែលក្រោយមកត្រូវបានបញ្ជាក់ដោយ អ្នកជំនាញពីអាជ្ញាធរជាតិអាវុធគីមី (NACW) និងមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) ថាសារធាតុដែលរកឃើញនៅក្នុងអាវុធទាំងនោះ ស៊ីគ្នាទៅនឹងនិយមន័យអាវុធគីមី ចែងក្នុងមាត្រា II កឋាខណ្ឌ១ (១) និង (b) នៃអនុសញ្ញាស្តីពីអាវុធគីមី។
ក្នុងលិខិតនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានរំលឹកលោកអគ្គនាយកអង្គការអាវុធគីមីផងដែរថា អនុលោមតាមមាត្រា III កឋាខណ្ឌ១ (b) នៃអនុសញ្ញាស្តីពីការហាមឃាត់ ការអភិវឌ្ឍ ការផលិត ការរក្សាទុក ការប្រើប្រាស់ និងការបំផ្លាញចោលអាវុធគីមី (Convention on the Prohibition of Development, Production, Stockpiling and Use of Chemical Weapons and their Destruction - CWC) កម្ពុជារងផលប៉ះពាល់ដោយសំណល់អាវុធគីមីពីសង្រ្គាមប្រើប្រាស់អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០។
«ប្រឈមមុខនឹងមហន្តរាយនេះ ដើម្បីធានាសុវត្ថិភាព និងសុខមាលភាពរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា អនុលោមតាមផ្នែក IV (B) កឋាខណ្ឌ៨ នៃអនុសញ្ញា ស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ គ្រឿងផ្ទុះទាំងអស់នៅតាមទីតាំង ដែលបានស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀត អំពីផលប៉ះពាល់នៃអាវុធគីមី ព្រមទាំងការបោសសំអាត និងការបំផ្លាញអាវុធទាំងនេះ នៅថ្ងៃអនាគត»។ នេះជាការអំពាវនាវរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទៅកាន់អគ្គនាយកអង្គការអាវុធគីមី។
ក្នុងឋានៈកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញានេះ លោក ប្រាក់ សុខុន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាចិត្ត និងគាំទ្រដល់កិច្ចការងាររបស់អង្គការហាមឃាត់អាវុធគីមី ក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីបំពេញភារៈកិច្ច និងកាតព្វកិច្ច តាមការកំណត់របស់អនុសញ្ញានេះ។
គ្រាប់បែកគីមីដែលកម្ពុជាបានរកឃើញនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង រហូតមកដល់ពេលនេះប្រមាណ២២ទីតាំងថ្មីទៀត ត្រូវបានមន្ត្រីជំនាញអះអាងថា ជាប្រភេទជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែលបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាពរបស់មនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំគគីរជាច្រើននាក់រកឃើញថា រងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរចំពោះសុខភាព ក្នុងនោះភាគច្រើនកើតរោគរមាស់លើស្បែកខ្លាំង ហើយក៏មានក្មេងកើតមកមិនគ្រប់លក្ខណៈផងដែរ។ ជនរងគ្រោះដោយគ្រាប់បែកគីមីនេះ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ។របាយកាណ៍បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមី បានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះផងដែរ៕