(កាប៊ុល)៖ មន្រ្តីប៉ូលិសយ៉ាងតិច ២២នាក់ រួមនិងក្រុមសកម្មប្រយុទ្ធ ៤៥នាក់ បានបាត់បង់ជីវិត បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់ បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យ នៅក្នុងស្រុក Maywand នៃខេត្ត Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន នាយប់ថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមប៉ូលិសខេត្ត Kandahar ក្រៅពីមនុស្សរងរបួស មន្រ្តីប៉ូលិសចំនួន ១៥នាក់ ព្រមទាំងពួកឧទ្ទាម ៣៥នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ នៅពេលដែលក្រុមតាលីបង់ បានលួចវាយឆ្មក់ទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កងកម្លាំងសន្តិសុខ នៅស្រុក Zhari និង Maywand។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ០៨៖០០នាទីយប់ម្សិលមិញ ហើយបន្តរហូតអស់រយៈពេលមួយម៉ោង។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យប៉ូលិសខេត្ត Kandahar ក្រុមតាលីបង់ បានបរាជ័យក្នុងការដណ្តើមកាន់កាប់ ទីតាំងរងការវាយប្រហារនានារបស់កងសន្តិសុខ ហើយបានដកថយគេចខ្លួនទៅវិញ៕