(ម៉ានីល)៖ ក្នុងនាមជាអនាគតប្រធានអាស៊ាន នាឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ ប្រទេសសិង្ហបុរីរំពឹងថា នឹងនៅតែបន្តទទួលបានការគាំទ្រ ពីសំណាក់សហរដ្ឋអាមេរិក ចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការលើកឡើងរបស់ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅឯកិច្ចប្រជុំមួយដើម្បីរំលឹកខួប ៤០ឆ្នាំ នៃទំនាក់ទំនងសន្ទនារវាងអាស៊ាន និងអាមេរិក លោក Lee បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាការអញ្ជើញចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំនេះ សបញ្ជាក់ឲ្យឃើញពីការបោះជំហ៊ានដោយវិជ្ជមាន ឆ្ពោះទៅកាន់ការពង្រីកទំនាក់ទំនងអាស៊ាន-អាមេរិក នៅក្រោមរដ្ឋបាលដឹកនាំរបស់លោក។
លោកនាយករដ្ឋមន្រ្តីសិង្ហបុរី បានគូសបញ្ជាក់ទៀតថា អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំទី ៤ របស់សហរដ្ឋអាមេរិករួចស្រេចទៅហើយ និងបានបង្កើនឱកាសការងារច្រើនជាងកន្លះលានកន្លែង សម្រាប់ប្រជាជនអាមេរិក តាមរយៈការជួញដូរទំនិញ ព្រមទាំងសេវាកម្មផ្សេងៗ។ លើសពីនេះទៀត ក្រុមប្រទេសនៃតំបន់នេះ បានកំណើនសក្តានុពលដ៏ខ្លាំងក្លា សម្រាប់បណ្តាអាជីវកម្មអាមេរិក។ អាស៊ានក៏ត្រូវបានគេព្យាករណ៍ផងដែរថា នឹងក្លាយជាទីផ្សារតែមួយធំជាងគេទី០៤ នៅលើពិភពលោក នាឆ្នាំ២០៣០។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កំពុងបន្តស្ថិតនៅទីក្រុងម៉ានីល សម្រាប់កិច្ចប្រជុំអាស៊ានលើកទី៣១ រួមទាំងព្រឹត្តិការណ៍អន្តរជាតិដទៃៗទៀត ដែលជាផ្នែកក៏ដូចជាគោលដៅចុងក្រោយ នៃដំណើរទស្សនកិច្ចលើកទីមួយរបស់លោក មកកាន់ទ្វីបអាស៊ីដ៏គួរឲ្យចាប់អារម្មណ៍បំផុត៕