(សេអ៊ូល)៖ ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានគេបាញ់ឱ្យរបួសកាលពីថ្ងៃចន្ទ នៅអំឡុងពេលព្យាយាមរត់ចូលមកដីកូរ៉េខាងត្បូង បានប្រើរថយន្ដមួយគ្រឿងដើម្បីគេចខ្លួន តែ ដោយសាររថយន្ដមានបញ្ហាកង់ ទើបរូបគេបង្ខំចិត្តដើរដោយថ្មើរជើង ក្រោមការតាមប្រមាញ់ពីទាហានកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងមា្នក់ខាងលើ បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ដោយឆ្លងកាត់តាមតំបន់សន្តិសុខ ស្ថិតនៅក្នុងតំបន់គ្មានយោធានៃព្រំដែន ស្ថិតនៅទល់មុខភូមិ Panmungak រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ រូបគេបានរងរបួសដោយសារគ្រាប់កំាភ្លើង របស់យោធាកូរ៉េខាងជើងជាច្រើននាក់ នៅពេលកំពុងព្យាយាមរត់ គេចខ្លួនចូលកាន់ទឹកដីកូរ៉េខាងត្បូង ហើយពេលនេះរូបគេកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងទឹកដីកូរ៉េខាងត្បូង។
ថ្លែងនៅប្រាប់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យ យោធាកូរ៉េខាងត្បូង លោក Roh Jae-cheon នៅថ្ងៃអង្គានេះបានបញ្ជាក់ថា ទាហានកូរ៉េខាងជើងរូបនេះ បានជិះរថយន្ដតែម្នាក់ឯង ក្នុងបំណងចូលក្នុងទឹកដីកូរ៉េខាងត្បូង តែដោយសារមានបញ្ហាកង់ រថយន្ដនោះត្រូវបានទុកចោល ហើយរូបបង្ខំចិត្តដើរដោយថ្មើរជើងវិញ ហើយត្រូវបានទាហានកូរ៉េខាងជើងជាច្រើននាក់បាញ់ប្រកិត ទើបបានជាបង្កឱ្យរបួសធ្ងន់បែបនេះ»។
គួរបញ្ជាក់ថា បើតាម លោក Roh Jae-cheon មិនមានទាហានកូរ៉េខាងត្បូង ឬអាមេរិកណាម្នាក់របួសក្នុងការហេតុការណ៍នេះទេ ប៉ុន្តែព័ត៌មានលម្អិត ពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើង មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ ខណៈសេចក្ដីរាយការណ៍ខ្លះថា រូបគេរងរបួសជាទម្ងន់៕