(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បាននិយាយថា ចាប់តាំងពីក្រុម ISIS បានគ្រប់គ្រងទឹកដីមួយផ្នែកធំ ព្រមទាំងការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករមួយនេះ បានធ្វើឱ្យទីក្រុងបាកដាដ ខាតបង់ប្រាក់ជាង ១០០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក al-Abadi ថ្លែងបែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Karbala កាលពីចុងសប្ដាហ៍កន្លងទៅ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រូបនេះ បានគូសបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ការបំផ្លិចបំផ្លាញបង្កឡើងដោយពួក ISIS នៅពេលពួកវាគ្រប់គ្រងទីក្រុងអ៊ីរ៉ាក់ជាច្រើន បានធ្វើឱ្យយើងខាតបង់ប្រាក់ជាង ១០០ពាន់លាន ដុល្លារ ជាពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចតែម្តង»។
គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះត្រូវបានចេញផ្សាយ ខណៈកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធា ដើម្បីរំដោះទីក្រុង Rawa ដែលជាមូលដ្ឋានចង់ក្រោយរបស់ ពួក ISIS នៅអ៊ីរ៉ាក់។ ក្រោយឥទ្ធិពល ISIS ថមថយបន្ទាប់ពីការដួលរលំនៃទីក្រុងម៉ូស៊ូល កាលពីប៉ុន្មានខែមុននោះ បញ្ហាធំមួយទៀតដែលអ៊ីរ៉ាក់កំពុងប្រឈមមុខនោះ គឺចេតនាទាមទារឯករាជ្យរបស់ក្រុមឃើដ៕