(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី នៅល្ងាចចន្ទសប្ដាហ៍នេះ បានជួយសង្រ្គោះត្រីបាឡែន (sperm ir cachalot whales ជាប្រភេទត្រីបាឡែនមានធ្មេញធំ និងមាឌធំ) ចំនួន ១០ក្បាល ដែលបានអណ្តែតមកទើរលើឆ្នេរ Ujung Kareung ស្ថិតនៅភាគពាយ័ព្យ កោះស៊ូម៉ាត្រា នៃខេត្ត Aceh។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីអភិរក្ស ត្រីបាឡែនឥណ្ឌូណេស៊ី ត្រីបាឡែនទាំង ១០ក្បាល ខាងលើ ត្រូវបានគេប្រទះឃើញ ទើរនៅលើឆ្នេរកាលពីព្រឹកថ្ងៃចន្ទកន្លងទៅ។ ក្រុមមន្ត្រីបញ្ជាក់ទៀតថា ពួកគេបានជួយសង្រ្គោះត្រីបាឡែន ០៥ក្បាល ត្រឡប់ទៅតំបន់ទឹកជ្រៅដោយជោគជ័យ និងពីរក្បាលត្រូវបានព្យាបាលរបួស ខណៈពួកគេកំពុងព្យាយាមយកត្រីបាឡែននៅសល់ ទៅកាន់ទឹកជ្រៅវិញ។
ក៏ប៉ុន្តែមកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានត្រីបាឡែនទាំងនេះមកទើលើឆ្នេរ ពីព្រោះជាធម្មតា ត្រីបាឡែនមិនត្រូវបានគេប្រទះឃើញ នោះទេ នៅតំបន់ទឹករាក់មានជំរៅក្រោម ៣០០ម៉ែត្រ។ អ្នកជំនាញឥណ្ឌូណេស៊ី កំពុងតែធ្វើការសិក្សាបន្ថែមទៀត ដែលអាចមានជំនួយពីនូវែលសេឡង់ ឬអូស្ត្រាលី ក្នុងការស្វែងយល់ពីហេតុភេទធម្មជាតិដ៏ចម្លែកនេះ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅត្រីបាឡែន (pilot whales) ច្រើនជាង ៦៥០ក្បាល ក៏ធ្លាប់ទើរលើឆ្នេរសមុទ្រ South Island ក្នុងប្រទេសនូវែលសេឡង់ដោយមិនដឹងពីមូលហេតុ ផងដែរ ហើយក្នុងនោះ ៤០០ក្បាល ក្នុងចំណោមត្រីបាឡែនទាំងនេះបានស្លាប់៕