(លីបង់)៖ ក្រុមអ្នកនយោបាយ និងម្ចាស់ធនាគារជាច្រើននៅក្នុងប្រទេសលីបង់ កំពុងព្រួយបារម្ភខ្លាចក្រែងអារ៉ាប៊ីសាអូឌីត ដាក់ទណ្ឌកម្មហ៊ុមព័ទ្ធសេដ្ឋកិច្ចលើប្រទេសរបស់ពួកគេ ដូចដែលទីក្រុងរីយ៉ាដ ធ្លាប់បានធ្វើដាក់ប្រទេសកាតា។ ភាពតាងតឹងរវាងអារ៉ាប៊ីសាអូឌីត និងលីបង់ បានផ្ទុះឡើងក្រោយពីទីក្រុងរីយ៉ាដចោទថា លីបង់កំពុងសកម្មភាពបង្កសង្រ្គាមជាមួយ ខ្លួនតាមរយៈការគាំទ្រក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ផ្ទុយពីកាតាដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏ធំមួយ នៅលើពិភពលោក និងមានប្រជាជនតែ ៣០០,០០០នាក់ ធ្វើការក្រៅប្រទេស លីបង់គ្មានឧស្ម័នធម្មជាតិ និងហិរញ្ញវត្ថុ ដែលត្រូវរងផលប៉ះពាល់ ខ្លាំងដូចទីក្រុងដូហាឡើយ។ ប៉ុន្តែប្រជាជនលីបង់ ៤០០,០០០នាក់ កំពុងធ្វើការក្នុងតំបន់ឈូងសមុទ្រ Gulf ដោយបានផ្ដល់ប្រាក់ប្រមាណ ៧-៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ត្រឡប់មកប្រទេសពួកគេវិញ ដូច្នេះថាបើ ទីក្រុងរីយ៉ាដ ដាក់ទណ្ឌកម្មរាំងខ្ទប់ប្រាក់ទំាងនេះ នោះវានឹងធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចលីបង់។ «វាអាចជាការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចលីបង់ ក្នុងករណីពួកគេរាំងខ្ទប់ ការផ្ទេរប្រាក់របស់ប្រជាជនលីបង់មកស្រុកកំណើត... វានឹងក្លាយជាគ្រោះមហន្តរាយមួយក៏ថាបាន»។
គួរបញ្ជាក់ថា ក្រោយមានសេចក្ដីរាយការណ៍ថា ក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយ៉េមែន គាំទ្រដោយអ៊ីរ៉ង់ និងក្រុមហេសប៊ូលឡាលីបង់ បាញ់មីស៊ីលមួយគ្រាប់ឆ្ពោះមកកាន់ទឹកដី អារ៉ាប៊ីសាអូឌីត រដ្ឋាភិបាលរីយ៉ាដបានចោទប្រកាន់លីបង់ ហេសប៊ូលឡា និងអ៊ីរ៉ង់ ថាកំពុងធ្វើសកម្មភាពបង្កសង្រ្គាមប្រឆាំងខ្លួន តាមរយៈការផ្ដល់បរិក្ខាយោធា និងគំាទ្រក្រុមឧទ្ទាមហ៊ូទី៕