(បរទេស)៖ ការស៊ើបអង្កេតមួយបានបង្ហាញថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបញ្ជូនអាវុធទៅឲ្យក្រុមជីហាដនៅក្នុងប្រទេសស៊ីរី ដែលការបិទបាំងរបស់រដ្ឋាភិបាលលោក Erdogan ក្នុងការផ្ទេរអាវុធធុនធ្ងន់ទៅកាន់ពួកភេរវកម្មនៅស៊ីរី នេះ ត្រូវបានគេកត់ត្រាយ៉ាងល្អិតល្អន់នៅក្នុងសំណុំរឿងនៃការស្ទាក់ចាប់រថយន្តមួយគ្រឿង កាលពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៤ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Turkish Minute នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
រដ្ឋាភិបាលរបស់លោក Erdogan បានចាត់វិធានការយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់មិនឲ្យមាន ការស៊ើបអង្កេតឯករាជ្យណាមួយប្រព្រឹត្តទៅបាន លើសកម្មភាពដឹកជញ្ជូនដោយខុសច្បាប់នេះឡើយ ព្រមទាំងរារាំងអគ្គរដ្ឋអាជ្ញាមិនឲ្យអាចបំពេញតួនាទីបានថែមទៀត តាមរយៈការធ្វើអន្តរគមន៍ក៏ដូចជាការដាក់សម្ពាធផ្នែកនយោបាយ ដោយស្តែងៗតែម្តង។
ឯកសារសម្ងាត់ ដែលលាតត្រដាងពីប្រតិបត្តិការនានា របស់ស្ថាប័នស៊ើបការណ៍សម្ងាត់ជាតិតួកគី (MIT) ត្រូវគេរកឃើញថា បានបំពានលើច្បាប់របស់តួកគី ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យក្រុមជីហាដនៅក្នុងប្រទេសស៊ីរី ប៉ុន្តែក៏ត្រូវបានជួយសង្គ្រោះទាន់ដោយលោក Erdogan វិញ ជាបុគ្គលដែលបានបំបិទមិនអោយមានការស៊ើបអង្កេត។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅតាមព្រំដែនស៊ីរី ក្នុងទីក្រុង Kirikhan នៃខេត្ត Hatay ភាគខាងត្បូងតួកគី នៅពេលដែលព័ត៌មានមួយត្រូវកងអាវុធហត្ថតួកគីទទួលបាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ នាវេលាម៉ោង១៦:០០នាទី នៅលើខ្សែទូរស័ព្ទសង្គ្រោះបន្ទាន់សាធារណៈលេខ១៥៦។ ព័ត៌មាននោះ មានលក្ខណៈយ៉ាងច្បាស់លាស់ ដែលមានរៀបរាប់តាំងពីស្លាកលេខរបស់ក្បាលរថយន្ត (06 BR 8860) រួមនិងកន្ទុយសណ្តោងរបស់វា (06 DE 3290) ។ វាបានកំណត់អត្តសញ្ញាណ រថយន្តអមការពារជាប្រភេទរថយន្ដ Fiat Linea លេខ 31 Y 5060 ។
ភ្លាមៗនោះព័ត៌មានខាងលើក៏បានបញ្ជូនបន្តទៅកងវរសេនាធំនៃខេត្ត Kirikhan និងត្រូវបានចងក្រងជារបាយការណ៍មួយដោយមន្រ្តីពីររូបឈ្មោះលោក អ៊ីប្រាហ៊ីម កាបឡាន និងម៉ាមូត ហ្គូជើរ រួចហើយបញ្ជូនទៅកាន់មេបញ្ជាការ ដើម្បីត្រួតពិនិត្យ។ កងកម្លាំងអាវុធហត្ថ ក៏ស្ទាក់ចាប់បានរថយន្តនៅក្បែរខេត្ត Kirikhan និងបានព្យាយាមឆែកឆេរទំនិញនៅលើនោះ។ ប៉ុន្តែជនសង្ស័យនៅក្នុងរថយន្តអមការពារ បាននិយាយថា ពួកគេជាមន្រ្តីស៊ើបការណ៍សម្ងាត់ ដែលធ្វើការងារឲ្យទីភ្នាក់ងារ MIT ហើយមិនអនុញ្ញាតឲ្យមានការអនុវត្តដីកាឆែកឆេរនិងរឹងអូសអ្វីទាំងអស់។
ពួកគេមិនបានបង្ហាញអត្តសញ្ញាណប័ណ្ណឬក៏ឯកសារណាមួយ ដែលបង្ហាញថា ការដឹកជញ្ជូនត្រូវបានអនុញ្ញាតត្រឹមត្រូវ ដោយយោងទៅតាមច្បាប់និងបទបញ្ញត្តិតឹងរឹង ដែលបានចែងក្នុងការដឹកជញ្ជូនអាវុធនិងគ្រឿងផ្ទុះនោះឡើយ។ មានមនុស្សពី១២ ទៅ ១៥នាក់ បានមកដល់កន្លែងកើតហេតុ ពីភ្នាក់ងារចារកម្ម MIT ហើយបានរារាំងការចែកឆេររថយន្ត។
រដ្ឋអាជ្ញានៅកន្លែងកើតហេតុគឺលោក Yasar Kavalcioglu ដែលបានចាត់តាំងដោយលោក Takci ជាអ្នកដែលបានចេញដីកាឆែកឆេរនិងរឹបអូស។លោក Kavalcioglu បាននិយាយថា មន្រ្តីស៊ើបការណ៍សម្ងាត់ទាំងនោះ បានបដិសេធមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេគឡើយ និងបានព្យាយាមផ្លាស់ប្តូរកុងទឺន័រដែលផ្ទុកអាវុធពេញនោះ ជាមួយនឹងកុងទឺន័ទទេថែមទៀត។
នៅពេលត្រូវបានបដិសេធមិនឲ្យធ្វើយ៉ាងដូច្នោះដោយរដ្ឋអាជ្ញា ពួកគេបានគំរាមកំហែងថានឹងធ្វើការបាញ់ប្រហារ ដើម្បីការពារមិនឲ្យមានការត្រួតពិនិត្យទំនិញ ប្រសិនបើវាឈានទៅដល់ករណីរឿងនេះ ដោយជៀសមិនផុតនោះ។ ក្រោយមកទៀតភ្នាក់ងារមួយចំនួន ក៏បានប៉ុនប៉ងប្រើអំពើហិង្សាមកលើលោក Kavalcioglu ថែមទៀត ប៉ុន្ដែគាត់ត្រូវបានជួយសង្គ្រោះ ដោយប្រធានកងអាវុធហត្ថលោក Ayvaz ដែលជាអ្នកសម្របសម្រួលលើ ការអនុវត្តដីកាឆែកឆេរនិងរឹងអូសនេះ។
ដោយឡែក មកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ការបិទបាំងរបស់ក្រុមភ្នាក់ងារចារកម្ម MIT ក៏ត្រូវបានបែកធ្លាយទាំងស្រុង នៅពេលដែលដីកាឆែកឆេរខាងលើ ត្រូវអនុវត្តដោយបានសម្រេចទៅលើសកម្មភាពដឹកជញ្ជូនមួយផ្សេងទៀត ដែលលាតត្រដាងឲ្យឃើញពីសព្វាវុធធុនធ្ងន់ជាច្រើន ត្រូវបានផ្ទុកនៅលើរថយន្តដឹកទំនិញ ដែលអមដំណើរការពារដោយមន្រ្តីស៊ើបការណ៍សម្ងាត់ MIT។
គួរជម្រាបថា ឧប្បត្តិហេតុនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤នេះ សាកសមនឹងទទួលបានការវិភាគដោយប្រុងប្រយ័ត្នបន្ថែមទៀតលើរបៀបដែលទីភ្នាក់ងារ MIT បានបញ្ជូនរថយន្តដឹកជញ្ជូនរាប់ពាន់គ្រឿង ពេញទៅដោយអាវុធដល់ពួកជីហាដ នៅក្នុងប្រទេសស៊ីរីដើម្បីបន្តបញ្ឆេះភ្លើងសង្គ្រាមដ៏កខ្វក់នៃការផ្លាស់ប្តូររបបដឹកនាំ។ ប្រហែលជាថ្ងៃមួយ លោក Erdogan នឹងត្រូវប្រឈមមុខការកាត់ទោស ដោយសារការផ្គត់ផ្គងអាវុធ ដល់ពួកជីហាដ ដែលបានបណ្តាលឲ្យការកាប់សម្លាប់មនុស្សយ៉ាងរង្គាល នៅក្នុងប្រទេសស៊ីរី និងកន្លែងផ្សេងទៀត៕